(សេអ៊ូល)៖ រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Jame Mattis នៅថ្ងៃសុក្រនេះបានធានាអះអាងថា ប្រព័ន្ធខែលការពារមីស៊ីល THAAD នឹងត្រូវដាក់ពង្រាយនៅលើទឹកដីកូរ៉េខាងត្បូងនាឆ្នាំ២០១៧នេះតែម្តង ដើម្បីការពារសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធមួយនេះ ព្រមទាំងកងកម្លាំងអាមេរិកដែលកំពុងឈរជើងនៅទីនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧។
ការដាក់ពង្រាយប្រព័ន្ធ THAAD ដែលពោរពេញដោយភាពចម្រូងចម្រាស់នេះ បានទាក់ទាញការរិះគន់ធ្ងន់ៗ និងការជំទាស់ជាខ្លាំងពីសំណាក់ចិន និងរុស្ស៊ីដោយសារតែរ៉ាដា X-band របស់ប្រព័ន្ធមីស៊ីលការពារដែនអាកាសដ៏ទំនើបនេះ អាចជ្រៀតចូលបានយ៉ាងជ្រៅទៅក្នុងទឹកដីរបស់ប្រទេសទាំងពីរនេះ ដែលនឹងបំបែកតម្លាភាពយុទ្ធសាស្រ្ត ហើយថែមទាំងជំរុញឲ្យមានការប្រកួតប្រជែងផ្នែកសព្វាវុធនៅក្នុងតំបន់កាន់តែខ្លាំងថែមទៀត។
ថ្លែងក្នុងសុន្ទរកថានៅមុនជំនួបពិភាក្សាជាមួយលោក Han Min-Koo រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង លោក Jame Mattis បានលើកឡើងថា កូរ៉េខាងជើងកំពុងតែបន្តធ្វើការគំរាមកំហែងតាមរយៈពាក្យសម្តី និងសកម្មភាពផ្សេងៗដូចជា ការបាញ់សាកល្បងមីស៊ីលផ្លោង ព្រមទាំងការអភិវឌ្ឍនៃកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ លោក Mattis បាននិយាយថាសហរដ្ឋអាមេរិកនៅក្នុងអាណត្តិថ្មីនេះ «នឹងចាត់វិធានការប្រកបដោយប្រសិទ្ធភាពពិតៗ» ប្រសិនបើរដ្ឋកុម្មុយនិស្តមួយនេះហ៊ានប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដោយរួមបញ្ចូលទាំងការបំពាក់ប្រព័ន្ធប្រឆាំងមីស៊ីល THAAD នៅកូរ៉េខាងត្បូង ដើម្បីការពារកងទ័ពអាមេរិកនៅទីនោះ និងប្រជាជនកូរ៉េខាងត្បូង។
គួរបញ្ជាក់ថាលោក James Mattis បានមកដល់រដ្ឋធានីសេអ៊ូលនាថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ នៅក្នុងដំណើរទស្សនកិច្ចនៅឯក្រៅប្រទេសលើកទីមួយរបស់ខ្លួន គិតចាប់តាំងពីបានឡើងកាន់តំណែងជារដ្ឋមន្រ្តីការពារជាតិអាមេរិកកាលពីសប្តាហ៍មុន។ បន្ទាប់មកលោក Mattis នឹងចាកចេញពីកូរ៉េខាងត្បូងហើយបន្តឆ្ពោះទៅបំពេញទស្សនកិច្ចរយៈពីរថ្ងៃថែមទៀតនៅប្រទេសជប៉ុន៕