(សេអ៊ូល)៖ ក្រុមរដ្ឋអាជ្ញាពិសេសកូរ៉េខាងត្បូងដែលកំពុងធ្វើការស៊ើបអង្កេតដោយឯករាជ្យជុំវិញរឿងអាស្រូវនយោបាយរបស់លោកស្រី ផាក គឺនហេ នៅថ្ងៃសុក្រនេះបានព្យាយាមសំរុកចូលឆែកឆេរវិមានប្រធានាធិបតី Blue House ប៉ុន្តែក្រុមមន្រ្តីនៅទីនោះបានចេញមករារាំងការប៉ុនប៉ងនេះ ដោយសម្អាងលើហេតុផលថា អាចនឹងធ្វើឲ្យបែកធ្លាយព័ត៌មានសម្ងាត់ជាតិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧។
ក្រុមប្រឹក្សាឯករាជ្យខាងលើបានឲ្យដឹងថាខ្លួនបានសម្រេចឲ្យមានការឆែកឆេរ និងដីការឹបអូសលើវិមានប្រធានាធិបតីកូរ៉េខាងត្បូង នៅវេលាម៉ោងប្រមាណជា១០៖០០នាទីព្រឹកថ្ងៃសុក្រនេះ ហើយមិនបានរៀបរាប់លម្អិតនោះឡើយ ដោយរដ្ឋអាជ្ញាពិសេសបានព្យាយាមសំរុកចូលទៅក្នុងការិយាល័យនៃ វិមាន Cheong Wa Dae (Blue House) ក្នុងគោលបំណងរឹបអូសយកវត្ថុតាង រួមទាំងឯកសារទាំងឡាយណាដែលមានជាប់ពាក់ព័ន្ធជាមួយរឿងអាស្រូវដែលបាន និងកំពុងធ្វើឲ្យប្រទេសកូរ៉េខាងត្បូងរង្គោះរង្គើរជាខ្លាំង រហូតឈានដល់ការបោះឆ្នោតទម្លាក់លោកស្រី ផាក គឺនហេ ក៏ប៉ុន្តែការប៉ុនប៉ងនេះមិនបានសម្រេចដូចបំណងឡើយ ដោយក្រុមមន្រ្តីនៅវិមាន Cheong Wa Dae បានបដិសេធចំពោះការចុះឆែកឆេរនិងរឹបអូស ដោយលើកឡើងពីលទ្ធភាពនៃការបែកធ្លាយរបាយការណ៍សម្ងាត់។
គួរបញ្ជាក់ថា ដីការរឹបអូសនេះត្រូវបានដាក់ចេញដោយតុលាការទីក្រុងសេអ៊ូល នាថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ហើយសុពលភាពរយៈពេល០៧ថ្ងៃរបស់វាត្រូវបានអូសបន្លាយ ដើម្បីអនុញ្ញាតឲ្យក្រុមរដ្ឋអាជ្ញាពិសេសមានពេលវេលាគ្រប់គ្រាន់បន្ថែម ដើម្បីព្យាយាមធ្វើការចុះឆែកឆេរនិងរឹបអូសជាថ្មីម្តងទៀត៕