(វ៉ាស៊ីនតោន)៖ អតីតនាយកប្រតិបត្តិក្រុមហ៊ុនប្រេង Exxon Mobil លោក រិច ធាល្លឺសុន (Rex Tillerson) បានស្បថចូលកាន់តំណែងរដ្ឋមន្ត្រី ការបរទេសអាមេរិកជាផ្លូវការហើយ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ក្នុងសប្តាហ៍នេះ បន្ទាប់ពីការតែងតាំងរូបលោកត្រូវបានព្រឹទ្ធសភាអនុម័តទទួលស្គាល់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៧។
អនាគតរដ្ឋមន្ត្រីការបរទេសរូបនេះ ត្រូវបានគេស្គាល់ថា ជាពាណិជ្ចករដ៏ល្បីល្បាញ និងជាប្រធាន ព្រមទាំងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនប្រេង និងឧស្ម័នExxon Mobil Corporation ដែលជាក្រុមហ៊ុនធំជាងគេទី៥របស់សហរដ្ឋអាមេរិក។ មិនតែប៉ុណ្ណោះ លោកក៏ជាមិត្តជិតស្និតម្នាក់របស់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ថែមទៀតផង។ តើទំនាក់ទំនងក្នុងនាមជាមិត្តជាមួយលោកពូទីន អាចជាផ្នែកមួយដែលអូសទាញលោកត្រាំជ្រើសរើសលោក Tillerson ឬទេ?
ខាងក្រោមនេះជាព័ត៌មានលម្អិត របស់រដ្ឋមន្ត្រីការបទេសសហរដ្ឋអាមេរិករូបនេះ៖
* ឈ្មោះពេញ៖ លោក Rex Wayne Tillerson
* ប្រធានទី៣៣ នៃអង្គការយុវជន Boy Scouts របស់សហរដ្ឋអាមេរិក ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១២
* កន្លែង និងថ្ងៃណើត៖ ២៣ មីនា ១៩៥២(វ័យ៦៤ឆ្នាំ) នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក
* បក្សនយោបាយ៖សាធារណរដ្ឋ
* ភរិយា៖លោកស្រី Renda St.Clair
* សិក្សា៖ សកលវិទ្យាល័យ University of Texas
* ប្រាក់បៀវត្សរ៍៖ ២៧,២លានដុល្លារ (របាយការណ៍ឆ្នាំ២០១៥)
* ពានរង្វាន់៖ Russian Order of Friendship (ឆ្នាំ២០១៣)
* ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនប្រេង និងឧស្ម័ន Exxon Mobil ចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦មក
* ជីវិតកាលពីកុមារភាព និងការសិក្សា៖
Tillersion ជាកូនរបស់លោកស្រី Patty Sue និងលោក Bobby Joe Tellerson ។ Tellerson បានចំណាយពេលស្ទើរពេញមួយជីវិតក្នុងអង្គការយុវជន Boy Scouts របស់សហរដ្ឋអាមេរិក ដោយទទួលបានដំណែងជា Eagle Scout ក្នុងឆ្នាំ១៩៦៥។
ក្នុងឆ្នាំ១៩៧០ កុមារា Tillersion បានបញ្ចប់ការសិក្សាពីសាលាមធ្យមសិក្សា Huntsville នៅរដ្ឋតិចសាស់។ ក្រោយមកTillerson បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រលើឯកទេសវិស្វកម្មស៊ីវិល ពីសកលវិទ្យាល័យ University of Texas ក្នុងឆ្នាំ១៩៧៥។
ក្នុងពេលនៅសកលវិទ្យាល័យ យុវជនរូបនេះ មានទំនាក់ទំនងយ៉ាងជិតស្និតជាមួយក្លឹប Tejas។
*ព័ត៌មានផ្ទាល់ខ្លួន៖
Tillerson បានរៀបការជាមួយនាង Renda St.Clair ព្រមទាំងមានកូនបួននាក់។ លោកជាអ្នកប្រតិបត្តិគ្រឹស្តសាសនាយ៉ាងមុតមាំ។ លោករួមជាមួយភរិយា ធ្លាប់បានឧបត្ថម្ភប្រាក់ប្រមាណជា៥.០០០ ដល់ ១០.០០០ដុល្លារ ដល់សមាគមគ្រឹស្តសាសនា កាលពីឆ្នាំ២០១២កន្លងទៅនេះ។
កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤កន្លងទៅនេះ សារព័ត៌មានមួយបានធ្វើសេចក្តីរាយការណ៍ថា លោក Tillerson និងភរិយាបានចូលរួមប្រឆាំង ក្នុងសំណើរធ្វើប៉មបង្ហូរទឹក ដែលអាចបង្កការស្ទះចរាចរណ៍ទៅកាន់លំនៅដ្ឋានផ្ទាល់របស់ពួកគេ។ សូមជម្រាបថា ក្រៅពីការងារក្នុងវិស័យនយោបាយ លោក Tillerson ក៏ជាពាណិជ្ជករដ៏ជោគជ័យម្នាក់ផងដែរ នៅសហរដ្ឋអាមេរិក។
* ការប្រឡូកក្នុងឆាកនយោបាយ៖
លោកជាមនុស្សប្រឆាំងការដាក់ទណ្ឌកម្មទៅលើប្រទេសណាមួយ ដោយបានបញ្ជាក់ថា «យើងមិនគាំទ្រការដាក់ទណ្ឌកម្ម ណាមួយឡើយ ព្រោះយើងមិនដែល ឃើញការដាក់ទណ្ឌកម្មអាចកែប្រែប្រទេសទាំងនោះឡើយ លើកលែងតែការដាក់ទណ្ឌកម្មនេះត្រូវបានដាក់ចេញ ដោយការយកចិត្តទុកដាក់ខ្ពស់ និងពិចារណាយ៉ាងច្បាស់។ តែយ៉ាងណាវាជារឿងលំបាកបំផុត ក្នុងការដាក់ទណ្ឌកម្មដើម្បីទទួលបានប្រសិទ្ធភាព។
ចំណែកបញ្ហាបម្រែបម្រូលអាកាសធាតុវិញ លោកបានទទួលស្គាល់ថា មនុស្សបានបង្កផលប៉ះពាល់ដល់អាកាសធាតុ ដោយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ លោកបានលើកឡើងថា «ពិភពលោកកំពុងបន្តប្រើប្រាស់ថាមពលហ្វូស៊ីល មិនថា ពួកគេពេញចិត្ត ឬអត់នោះទេ»។ លោកក៏បានបង្ហាញការគាំទ្រផងដែរចំពោះ កិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វីក (TPP) ។ ក្នុងឆ្នាំ២០១៣ លោក Tillerson បានបង្ហាញគាំទ្រចំពោះកិច្ចព្រមព្រៀងនេះ ដោយបានបញ្ជាក់លើវេទិការសន្តិសុខពិភពលោកថា «អ្វីដែលជាការជម្រុញការអភិវឌ្ឍន៍ខ្ពស់បំផុត ក្នុងស្ថានភាពបច្ចុប្បន្នគឺការបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីជម្រុញកិច្ចព្រមព្រៀង TPP នេះ»។
ចំពោះច្បាប់ក្រមវិន័យរបស់រដ្ឋាភិបាល លោក Tillerson ធ្លាប់បានបង្ហាញភាពមិនអាចអត់ធ្មត់ចំពោះបញ្ហានេះ ដោយបញ្ជាក់ថា «ក្នុងដែនដីមួយនេះ មានរឿងជាច្រើនរហូតដល់រាប់ពាន់ករណី ដែលមនុស្សត្រូវបានហាមឃាត់មិនឱ្យធ្វើ»។
ដោយឡែកនិយាយពីវិស័យអប់រំវិញ កាលពីខែកញ្ញា ឆ្នាំ២០១៣កន្លងទៅនេះ លោក Tillerson បានបង្ហាញការគាំទ្រ និងការពារលើគោល នយោបាយCommon Core (ជាគោលនយោបាយក្នុងវិស័យអប់រំ ដែលតម្រូវឱ្យកុមារដែលសិក្សាចាប់ពីថ្នាក់បឋមដល់ថ្នាក់ទី១២ ចាំបាច់ត្រូវមានចំណេះភាសាអង់គ្លេស និងគណិតវិទ្យា។
ចំពោះការឧបត្ថម្ភ លោក Tillerson ចូលរួមជាយូរណាស់មកហើយក្នុងយុទ្ធនាការរបស់ក្រុមសាធារណរដ្ឋ។ យោងតាមរបាយការណ៍តាមប្រព័ន្ធអ៊ីនធើណែត បានបង្ហាញថា លោកធ្លាប់បានផ្តល់ប្រាក់ជំនួយមនុស្សធម៌ចំនួន ៤៤២,២៨៤ដុល្លារ ដើម្បីចូលរួមដោយផ្ទាល់ទៅលើវិស័យនេះ ចាប់តាំងពីឆ្នាំ២០០៣មកម្ល៉េះ។
សូមជម្រាបថា លោក Rex Tillerson ត្រូវបានលោកស្រី Condoleezza Rice ស្នើដាក់លោកជារដ្ឋមន្ត្រីការបរទេសអាមេរិក ក្នុងអំឡុងពេលដែលលោកស្រី ធ្វើកិច្ចជំនួបជាមួយលោក Trump កាលពីចុងខែវិច្ឆិកាកន្លងទៅនេះ។ ហើយកាលពីថ្ងៃទី០៩ ខែធ្នូកន្លងទៅនេះ មន្ត្រីផ្ទេរអំណាចបានធ្វើសេចក្តីរាយការណ៍ថា លោក Tillerson បេក្ខជនដ៏លេចធ្លោម្នាក់ ដ៏សាកសមសម្រាប់តួនាទីនេះ។
ហេតុនេះគោលនយោបាយអាមេរិកនឹងមានរូបភាពបែបណា ប្រសិនបើរដ្ឋមន្ត្រីការបរទេសអាមេរិកយកចិត្តទុកដាក់ទៅលើបញ្ហាបម្រែបម្រួលអាកាសធាតុ គាំទ្រទៅលើកិច្ចព្រមព្រៀង TPP ខណៈដែលប្រធានាធិបតីអាមេរិក បែរជាមិនជឿលើរឿងនេះ និងប្រឆាំងទៅលើ TPP ទៅវិញនោះ?
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា