(អវកាស)៖ ការសិក្សាស្រាវយ៉ាងដិតដល់ថ្មីមួយទៅលើដុំថ្មនៃភពអង្គារ ដែលត្រូវបានរកឃើញកាលពីឆ្នាំ២០១២ បានបង្ហាញឲ្យដឹងថា ប្រមាណជាពីរពាន់លានឆ្នាំមុន មានសកម្មភាពភ្នំភ្លើងនៅលើភពក្រហមមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧។
ពេលខ្លះរបកគំហើញផ្នែកវិទ្យាសាស្រ្តកើតឡើងមកពីគោលដៅ ដែលមិននឹកស្មានមិនដល់។ ចូរនាំគ្នាគិតមើលថាអ្វីម្យ៉ាងដែលនៅក្នុងករណីនេះជាថ្មដ៏ធំមហិមាមួយ បានទៅបុកនឹងភពអង្គារ៍ នៅក្នុងការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាបំផុតមួយរហូតទាល់តែ បំណែកផ្ទៃដីរបស់ភពនេះបានហោះខ្ទាតចាកចេញឆ្ងាយក្នុងល្បឿនដ៏លឿន ដែលគ្រប់គ្រាន់ក្នុងការគេចផុតពីទំនាញរបស់ភពអង្គារ។
ក្រោយមកគំនរនៃកម្ទេចកម្ទីទាំងអស់នោះបានធ្វើដំណើរឆ្លងកាត់គន្លងគោចររបស់ផែនដី ហើយខ្លះបានឈានចូលក្នុងបរិយាកាសនៃភពរបស់យើង ហើយជាសំណាងល្អថែមទៀតនោះបានធ្លាក់ទៅលើផ្ទៃដីមួយកន្លែងនៅទ្វីបអាហ្រ្វិកជាជាងទៅក្នុងសមុទ្រដែលគ្របដណ្តប់ជាង៧០ភាគរយ នៃផែនដីទាំងមូល។
មកដល់ឆ្នាំ២០១២ គឺប្រហែលជាមួយលានឆ្នាំក្រោយពេលចាកចេញពីភពកំណើតរបស់ពួកវា ថ្មទាំងនេះក៏ត្រូវបានរកឃើញដោយក្រុមអ្នកវិទ្យាសាស្រ្ត និងមួយដុំត្រូវបានដាក់ឈ្មោះឲ្យថា «Northwest Africa 7635» ហើយនាពេលនេះបំណែកថ្មដែលបានធ្វើដំណើរយ៉ាងវែងឆ្ងាយមកពីភពអង្គារអាចប្រាប់យើងអំពីភពកំណើតរបស់ពួកវាបានហើយ។
យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្តមួយក្រុមដឹកនាំដោយ លោក Tom Lapen នៃសាកលវិទ្យាល័យ Houston រដ្ឋតិចសាស ដុំថ្ម Northwest Africa 7635 ស្ថិតនៅក្នុងចំណោមអាចម៍ផ្កាយនៃភពអង្គារទាំង១១ដុំ ដែលត្រូវបានរកឃើញនៅលើផែនដី ហើយមានលក្ខណៈដូចគ្នា ទើបត្រូវបាគេសន្និដ្ឋានថាដុំថ្មទាំងអស់នេះ មកពីកន្លែងតែមួយនៃភពអង្គារ។ ប៉ុន្តែពួកវាបានកកើតឡើងនៅក្នុងពេលខុសៗគ្នា និងមានផ្ទុកសារធាតុរ៉ែភ្នំភ្លើង «Shergottite» ហើយ Northwest Africa 7635 មានវ័យកាលចំណាស់ជាងគេបង្អស់ ពោលគឺវាបានកកើតឡើងតាំងពីប្រមាណជា២.៤ពាន់លានឆ្នាំមុន ដែលប្រការនេះបានធ្វើឲ្យភ្នំមួយចំនួននៅលើភពអង្គារ ក្លាយជាភ្នំភ្លើងដែលមានអាយុវែងជាងគេបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យ។ ក្រុមអ្នកវិទ្យាសាស្ត្រនៅតែបន្តការសិក្សាបន្ថែមទៀតជុំវិញដុំថ្ម ដែលត្រូវបានគេអះអាងថា មកពីភពអង្គារនោះ៕