(វៀងច័ន្ទ)៖ រថយន្តទំនើបៗនិងថ្លៃៗបំផុត របស់មន្ត្រី​កំពូលៗនៃរដ្ឋាភិបាល​ឡាវចំនួន ១៥គ្រឿង​ត្រូវបាន​រឹបអូស នឹងត្រៀមរៀប​ចំលក់ចេញនូវ​សប្តាហ៍នេះ ដែលវាជាផ្នែក​មួយនៃកិច្ចខិតខំ​ប្រឹងប្រែង​របស់រដ្ឋាភិបាល ក្នុងការសន្សំ​សំចៃ​ថវិកាជាតិ និងឈប់ឲ្យ​មន្ត្រីរបស់ខ្លួន​ប្រើប្រាស់​រថយន្តថ្លៃៗ​ទំនើបៗ​ទៀត។ នេះបើតាម​​ការចេញផ្សាយ​នៅមុននេះ​បន្តិច ដោយទីភ្នាក់ងារ​ព័ត៌មានចិន​ស៊ិនហួរ នាព្រឹកថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧។

រថយន្តទំនើប​ៗខាងលើនេះមានដូចជា BMW 7/730li ចំនួន ០៧គ្រឿង និងប្រភេទ Mercedes Benz S350 ចំនួន ០៨គ្រឿង ដែលសុទ្ធសឹងតែជាម៉ាកល្បីលើលោក និងមានតម្លៃថ្លៃផងដែរ។ រថយន្តទាំងអស់​កំពុងតែត្រូវបានដាក់តាំងបង្ហាញនៅឯមជ្ឈមណ្ឌលសន្និបាតជាតិ (NCC)។ ការធ្វើនេះត្រូវបានរដ្ឋាភិបាល​ឡាវ​អះអាងថា ជាការចាត់វិធានការប្រកបដោយតម្លាភាពបំផុត ដោយអនុឡោមតាមច្បាស់ដែលពាក់ព័ន្ធ។

គួរបញ្ជាក់ថាកាលពីខែមករា នាយករដ្ឋមន្ត្រីឡាវលោក ថុងលួន ស៊ីសួលីត បានចេញនូវអនុក្រឹតមួយ​ដោយធ្វើការកាត់បន្ថយថវិកាចំណាយរបស់រដ្ឋាភិបាល​ដ៏គួរឲ្យកត់សម្គាល់។ តំណាក់ដំបូងនេះគឺរដ្ឋាភិបាល​បានសម្រេចដកហូតរថយន្តទំនើបៗពីមន្ត្រីកម្រិតទី ១ និងទី ២ ខណៈមន្ត្រីតាមលំដាប់ថ្នាក់មួយចំនួនទៀត​នឹងត្រូវចាត់ការតាម​តំណាក់កាលដែលបានកំណត់​រួចជាស្រេច​ក្នុងអនុក្រឹត៕