(យូអិន)៖ អស់រយៈពេលជាច្រើនឆ្នាំមកនេះជម្លោះនៅភាគខាងកើតប្រទេសអ៊ុយក្រែន ត្រូវបានគេសង្កេតឃើញថា នៅតែបន្តកើតឡើងយ៉ាងក្តៅគគុកដដែល ខណៈឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅអង្គការសហប្រជាជាតិលោក Volodymyr Yelchenko បានថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខថា ប្រទេសរបស់លោកតែងតែគោរពតាមបទឈប់បាញ់ជានិច្ច និងបើកការបាញ់តបទៅវិញតែចំពោះការវាយប្រហារមកលើខ្លួនតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧។
ទោះបីជាជម្លោះនៅតែបន្តកើតឡើងនៅតំបន់ភាគខាងកើតប្រទេសយ៉ាងណាក្តី លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់អះអាងថា អ៊ុយក្រែនកំពុងផ្តោតសំខាន់ទៅលើមធ្យោបាយសន្តិភាព និងការទូត ហើយនិងមានការប្តេជ្ញាខ្ពស់ជានិច្ចចំពោះការអនុវត្តន៍នៃកិច្ចព្រមព្រៀងទីក្រុង Minsk។ លោក Yelchenko បាននិយាយដូច្នេះថា «កងកម្លាំងប្រទេសអ៊ុយក្រែននៅតែបន្តគោរពប្រតិបត្តិតាមបទឈប់បាញ់ជានិច្ច ហើយពួកគេស្ថិតក្រោមបញ្ជាដ៏តឹងរ៉ឹងក្នុងការបាញ់តបលុះត្រាជាការឆ្លើយតបទៅនឹងការវាយប្រហារ ឬសកម្មភាពបង្កគ្រោះថ្នាក់ផ្សេងៗពីសំណាក់ក្រុមសកម្មប្រយុទ្ធគាំទ្រដោយរុស្ស៊ី»។
ដោយឡែកថ្លែងនៅក្នុងកិច្ចប្រជុំតែមួយខាងលើ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅយូអិនលោក Vitaly Churkin បានលើកឡើងថា អ៊ុយក្រែនកំពុងបង្កឲ្យមានភាពប្រទូសរ៉ាយ និងឆ្លៀតឱកាសប្រើប្រាស់ការកើនឡើងកាន់តែក្តៅគគុកនៃជម្លោះនៅភាគខាងកើតប្រទេស ដើម្បីគេចវេសពីការអនុវត្តន៍កិច្ចព្រមព្រៀង Minsk ហើយម៉្យាងវិញទៀតនោះរដ្ឋាភិបាលទីក្រុងកៀវ (Kiev) ហាក់ដូចជាកំពុងជ្រើសរើសយកដំណោះស្រាយយោធា សម្រាប់ដោះស្រាយជម្លោះនៅក្នុងប្រទេសរបស់ពួកគេ។
គួរបញ្ជាក់ថាចាប់ពីចុងខែកុម្ភៈ ឆ្នាំ២០១៤ មានការប្រឆាំងបះបោរពីសំណាក់ក្រុមអ្នកគាំទ្ររុស្ស៊ី និងក្រុមប្រឆាំងរដ្ឋាភិបាលអ៊ុយក្រែន កើតមានឡើងនៅតាមបណ្តាទីក្រុងធំៗទូទាំងតំបន់ភាគខាងត្បូង និងជាពិសេសតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែនតែម្តង ហើយចាប់តាំងពីពេលជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសអឺរ៉ុបខាងកើតមួយនេះបានអូសបន្លាយមកទល់បច្ចុប្បន្នមិនធូរស្បើយនោះឡើយ៕