(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើងបានសម្រេចដកតំណែងរដ្ឋមន្ត្រីសន្តិសុខជាតិ ដែលត្រូវបានគេស្គាល់ថាជាមន្ត្រីជំនួយការជំនិតបំផុតរបស់មេដឹកនាំវ័យក្មេង លោក គីម ជុងអ៊ុន ដោយសារតែបានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ការបំពានអំណាច និងរំលោភសិទ្ធិមនុស្សផងដែរ។ នេះបើតាមការដកស្រង់ព័ត៌មានពី បណ្តាញ Channel News Asia នាព្រឹកថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧។
រដ្ឋមន្ត្រីខាងលើនេះមានឈ្មោះថា លោក Kim Won Hong ត្រូវបានដកចេញពីតំណែងជាច្រើន ក្នុងនោះរួមមានទាំងតំណែងជាប្រធានទីភ្នាក់ស៊ើបការណ៍សម្ងាត់ជាន់ខ្ពស់ផងដែរ តាំងតែពីពាក់កណ្តាលខែមករា មកម្ល៉េះដោយសារតែកូរ៉េខាងជើង បានរកឃើញកំហុសដូចការលើកឡើងទាំងឡាយខាងលើនេះ។
ចាប់តាំងពីការឡើងកាន់តំណែងនៅចុងឆ្នាំ២០១១ ក្រោយមរណភាពរបស់ឪពុកគឺលោក គីម ជុងអ៊ីល នោះលោក គីម ចុងអ៊ុន បានធ្វើការដឹកនាំប្រទេសដោយមានការជួយជ្រោមជ្រែងពីសំណាក់មន្ត្រីធំៗ ដែលភាគច្រើនជាសាច់ញាតិរបសលោក ហើយមន្ត្រីធំៗទាំងនោះមួយចំនួនក៏ត្រូវបានកាត់ទោសប្រហារជីវិត និងដកចេញពីតំណែងផងដែរ ដោយសារតែភាពមិនស្មោះត្រង់នឹងមេដឹកនាំវ័យ ៣៤ឆ្នាំរូបនេះ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៦ អនុរដ្ឋមន្ត្រីក្រសួងអប់រំមួយរូប ត្រូវបានលោក គីម ជុងអ៊ុន បញ្ជាឲ្យប្រហារជីវិតចោល ដោយសារតែលោកមិនបានបំពេញការងាររបស់ខ្លួនឲ្យល្អ ក្នុងនោះមានទាំងការគេងលក់ក្នុងម៉ោងប្រជុំដ៏សំខាន់ដែលមានលោក គីម ជាអធិបតីដ៏ខ្ពង់ខ្ពស់ថែមទៀតផង៕