(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើប្រទេសអ៊ីរ៉ង់ យ៉ាងយូរបំផុតត្រឹមថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលាក្នុងរដ្ឋធានីវ៉ាស៊ីនតោន) បន្ទាប់ពីការបាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីបនាពេលថ្មីៗនេះ របស់រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ ប៉ុន្តែវានឹងអនុឡោមតាមរយៈរបៀបវារៈ ដែលនឹងមិនឲ្យបំពានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីឆ្នាំ២០១៥ នោះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលផ្អែកលើប្រភពជិតស្និទ្ធនឹងបញ្ហានេះ។
ប្រភពខាងលើបានឲ្យដឹងទៀតថា ទណ្ឌកម្មថ្មីត្រូវបានធ្វើបានរៀបចំឡើងអស់មួយរយៈពេលមកហើយ ហើយការសម្រេចចិត្តរបស់ទីក្រុងតេហេរ៉ង់ ក្នុងការធ្វើតេស្តមីស៊ីលផ្លោងកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ បានជួយជំរុញការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការដាក់ទណ្ឌកម្មនោះទៅលើប្រទេសអ៊ីរ៉ង់តែម្តង ហើយសហរដ្ឋអាមេរិកនឹងធ្វើការដាក់ទណ្ឌកម្មថ្មីនេះ ដោយមិនប៉ះពាល់ជាមួយកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥នោះឡើយ ដែលកាលណោះអ៊ីរ៉ង់បានយល់ព្រមបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការដកទណ្ឌកម្មសេដ្ឋកិច្ច។
ដោយឡែកនៅថ្ងៃពុធ សេតវិមានក៏បានសម្តែងពីជំហរកោងកាចសំដៅដាក់អ៊ីរ៉ង់ផងដែរ នៅពេលដែលលោក Michael Flynn ទីប្រឹក្សាសន្តិសុខជាតិរបស់លោក ត្រាំ បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកបានដាក់ប្រទេសអ៊ីរ៉ង់នៅក្រោមការប្រុងប្រយ័ត្នខ្ពស់ ដោយសារការបាញ់សាកល្បងមីស៊ីលផ្លោង ហើយមន្រ្តីជាន់ខ្ពស់អាមេរិកមួយចំនួនបានអះអាងថា រដ្ឋាភិបាលរបស់ពួកគេកំពុងគិតគូរថាតើគួរឆ្លើយតបទៅវិញដោយរបៀបណា។
គួរបញ្ជាក់ថាកាលពីថ្ងៃទី២៩ ខែមករាកន្លងទៅថ្មីៗនេះដែលត្រូវនឹងថ្ងៃអាទិត្យសប្តាហ៍មុន រដ្ឋាភិបាលទីក្រុងតេហេរ៉ង់បានធ្វើការបាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីបចំនួនមួយគ្រាប់ និងគូ្រសមីស៊ីលដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរមួយគ្រាប់ផ្សេងទៀត ដោយជោគជ័យ ហើយរដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីរ៉ង់បានចេញមុខអះអាងថាទង្វើទាំងនេះពុំបានរំលោភបំពានលើកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ខ្លួនជាមួយនឹងបណ្តាប្រទេសមហាអំណាចពិភពលោក ឬមួយក៏សេចក្តីសម្រេចលេខ២២៣១របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិនោះឡើយ៕