(សេអ៊ូល)៖ រដ្ឋមន្ត្រីការពារជាតិថ្មី ដែលត្រូវបានលោក ដូណាល់ ត្រាំ តែងតាំងនិងទទួលស្គាល់ជាផ្លូវការនោះបានមកដល់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍ ហើយនៅក្នុងជំនួបទល់មុខគ្នាជាលើកដំបូងជាមួយលោករដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងនោះ សហរដ្ឋអាមេរិកក្នុងអាណត្តិថ្មីបានព្រមានកូរ៉េខាងជើង ដោយអះអាងថា «នឹងចាត់ការប្រកបដោយប្រសិទ្ធភាពពិតៗ» ប្រសិនរដ្ឋកុម្មុយនិស្តមួយនេះហ៊ានប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក Jim Mattis រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ត្រូវបានគេផ្តល់រហស្សនាមថា «ឆ្កែឆ្កួត» បានអះអាងនៅចំពោះមុនលោក Hwang Kyo-Ahn រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង នៅក្នុងជំនួបជាផ្លូវការនាទីក្រុងសេអ៊ូលថា «ការវាយប្រហារណាមួយមកលើសហរដ្ឋអាមេរិក ឬក៏សម្ព័ន្ធមិត្តទាំងឡាយរបស់យើងនោះ ឬក៏ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រទេសកូរ៉េខាងជើងនឹងទទួលរងនូវការឆ្លើយតបទៅវិញយ៉ាងពិតប្រាកដ និងប្រកបដោយប្រសិទ្ធភាពបំផុត»។
គួរបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់លោក Mattis មកកាន់កូរ៉េខាងត្បូងពេលនេះ គឺធ្វើឡើងចំពេលដែលតំបន់ទាំងមូលមានការព្រួយបារម្ភថា កូរ៉េខាងជើងអាចនឹងធ្វើតេស្តគ្រាប់មីស៊ីលប្រភេទថ្មី ដែលមានអានុភាពខ្លាំងក្លា ឬក៏អាចជាអាវុធនុយក្លេអ៊ែរផងក៏ថាបានដែរ។ បញ្ហាកូរ៉េខាងជើងនេះ ក៏ស្ថិតនៅក្នុងរបៀបវារនយោបាយរបស់លោក ដូណាល់ ត្រាំ ដោយគ្រប់គ្នាកំពុងចាំមើលថា តើលោក ត្រាំ នឹងដោះស្រាយបញ្ហាជាមួយកូរ៉េខាងជើងបានយ៉ាងដូចម្តេច។ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅទីក្រុងសេអ៊ូល លោក Mattis នឹងបន្តដំណើរទៅបំពេញទស្សនកិច្ចសម្ព័ន្ធមិត្តដ៏ធំបំផុតមួយទៀត គឺទីក្រុងតូក្យូ៕