(តេហេរ៉ង់)៖ លោកឧត្តមសេនីយ៍ Hossein Dehqan រដ្ឋមន្រី្តក្រសួងការពារជាតិនៃប្រទេសអ៊ីរ៉ង់ បានចេញមុខអះអាងនៅថ្ងៃព្រហស្បតិ៍នេះថា ការបាញ់សាកល្បងប្រភេទគ្រូសមីស៊ីល (Cruise Missile ) នាពេលថ្មីៗនេះបានប្រព្រឹត្តទៅដោយជោគជ័យ និងមិនមែនជាការបំពានលើការប្តេជ្ញាដ៏មុតមាំរបស់រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ JCPOA ឬមួយក៏ដំណោះស្រាយលេខ ២២៣១ របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិនោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧។
នៅក្រោមកិច្ចព្រមព្រៀង JCPOA ដែលត្រូវបានចុះហត្ថលេខាដោយអ៊ីរ៉ង់ សហភាពអឺរ៉ុប និងមហាអំណាចពិភពលោកទាំង០៦ (សហរដ្ឋអាមេរិក រុស្ស៊ី ចិន ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់) រដ្ឋាភិបាលទីក្រុងតេហេរ៉ង់បានសន្យាថា នឹងមិនព្យាយាមអភិវឌ្ឍន៍ឬមានផ្ទុកអាវុធនុយក្លេអ៊ែរនោះឡើយ ជាថ្នូរនឹងការដកទណ្ឌកម្មមួយចំនួនចេញពីប្រទេសអ៊ីរ៉ង់វិញ ហើយបន្តិចក្រោយមកដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិក៏ត្រូវបានអនុម័តភ្លាមៗ ដើម្បីធានាពីលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះ។
ជុំវិញបញ្ហាខាងលើនៅថ្ងៃពុធ រដ្ឋមន្រ្តីការពារជាតិអ៊ីរ៉ង់ ក៏បានចេញមុខបញ្ជាក់អះអាងម្តងរួចមកហើយដែរថា ប្រទេសអ៊ីរ៉ង់បានបាញ់សាកល្បងគ្រាប់មីស៊ីលប្រភេទផ្លោងឆ្លងទ្វីប ហើយក៏បានប្រកាន់ជំហរដដែលថាការធ្វើតេស្តមីស៊ីលនោះ ពុំបានរំលោភបំពានកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងទីក្រុងតេហេរ៉ង់ និងមហាអំណាចពិភពលោកទាំង០៦ ឬក៏ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខយូអិននោះឡើយ។
គួរបញ្ជាក់ថាសារព័ត៌មានអាល្លឺម៉ង់នៅរសៀលថ្ងៃព្រហស្បតិ៍ បានចុះផ្សាយថាអ៊ីរ៉ង់បានធ្វើការបាញ់សាកល្បងគ្រូសមីស៊ីលប្រភេទ «ស៊ូម៉ា (Sumar)» របស់ខ្លួនជាលើកទីមួយ ដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបាន ហើយវាត្រូវបានគេធ្វើតេស្តកាលពីថ្ងៃទី២៩ ខែមករាកន្លងទៅថ្មីៗនេះ ដោយធ្វើដំណើរបានចម្ងាយប្រហែលជា៦០០គីឡូម៉ែត្រ បន្ថែមពីលើការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបដែលមានរយៈចម្ងាយមធ្យម។
ដោយឡែកជាការឆ្លើយតបរដ្ឋាភិបាលអាមេរិកបានដាក់អ៊ីរ៉ង់ក្រោមការប្រុងប្រយ័ត្ន និងព្រមានធ្ងន់ៗថែមទៀតផង ដែលវាជាសញ្ញាមួយអាចបង្ហាញថាអាមេរិកនឹងត្រៀមដាក់ទណ្ឌកម្មថ្មីបន្ថែមទៀត ដើម្បីជាការសម្តែងឥរិយាបថកោងកាចមួយសំដៅរករដ្ឋាភិបាលទីក្រុងតេហេរ៉ង់ ដែលអាចបង្កភាពតានតឹងនៅក្នុងតំបន់បាន៕