ទីក្រុងមូស្គូ៖ កិច្ចសន្ទនាតាមទូរសព្ទជាលើកដំបូងរវាង លោកត្រាំ និងលោក ពូទីន ប្រព្រឹត្តិទៅយ៉ាងរលូន
02-02-2017 23:49
(មូស្គូ)៖ កិច្ចសន្ទនាតាមទូរសព្ទជាលើកដំបូងរវាង លោក ដូណាល់ ត្រាំ និងលោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានប្រព្រឹត្តិទៅដោយភាព ស្និទស្នាល និងប្រកបដោយលក្ខណៈស្ថាបនា ក្នុងបរិបទដែលប្រធានាធិបតីអាមេរិកថ្មី បានបង្ហាញពីចេតនាធ្វើការរួមគ្នាជាមួយទីក្រុងមូស្គូដោយគ្មានការភ័យ ខ្លាច និងប្រឆាំងរុស្ស៊ី។ នេះបើតាមមន្រ្តីក្រសួងការបរទេសរុស្ស៊ី ដកស្រង់សម្ដីដោយសារព័ត៌មាន Channel News Asia នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៧។
ថ្លែងនៅក្នុងកិច្ចប្រជុំតុមូល លោក Gueorgui Borissenko បានគូសបញ្ជាក់ដូច្នេះថា៖ «ភាគីសហរដ្ឋអាមេរិក បានបង្ហាញពីឆន្ទៈធ្វើការងាររួមគ្នា ដោយគ្មានការ ភ័យខ្លាច និងផ្អែកលើផលប្រយោជន៍ទៅវិញទៅមក ហើយមេដឹកនាំទំាងពីរក៏បានពិភាក្សាគ្នាផងដែរ ពីបញ្ហាអន្តរជាតិជាច្រើន ប្រកបដោយបរិយាកាសស្និទស្នាល និងលក្ខណៈស្ថាបនា»។
គួរបញ្ជាក់ថា បើតាមលោក Gueorgui Borissenko ប្រមុខដឹកនាំនៃប្រទេសទាំងពីរ បានព្រមព្រៀងគ្នាក្នុងការរក្សាទំនាក់ទំនងផ្ទាល់ខ្លួនជាទៀងទាត់ ព្រមទាំង រៀបចំនិងត្រួតពិនិត្យលើកាលបរិច្ឆេទ និងទីកន្លែងដែលត្រូវជួបគ្នា នៅពេលអានាគត៕