(ម៉ានីល)៖ ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេ នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា លោក​មានបំណង​ចេញបទបញ្ជា​ថ្មីមួយសំដៅ​អនុញ្ញាត ឱ្យយោធា​ហ្វីលីពីន​អាចចូលរួម​នៅក្នុងសង្រ្គាម​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដែលលោក​ចាត់ទុកថា​ ជាការ​គំរាមកំហែង​ដ៏ធំដល់​សន្តិសុខជាតិ ហើយទន្ទឹមគ្នា​នោះដែរ លោក ឌូតើតេ បានបញ្ជាក់ឡើងវិញថា​លោកមិនចាំ​បាច់ត្រូវដាក់ចេញ​នូវច្បាប់អាជ្ញាសឹក​នោះទេ បើទោះជាលោក​ធ្លាប់​​បានបង្ហាញពី​ចេតនា​ប្រកាសឱ្យ​ប្រើច្បាប់នេះ​ជាច្រើងដង​ក៏ដោយ។ នេះបើតាមការចេញ​ផ្សាយដោយ​សារព័ត៌មាន Channel News Asia​ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៧។​

ការថ្លែង​បែបនេះ​របស់​លោក ឌូតើតេ ធ្វើឡើងតែប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកបានបញ្ជា​ឲ្យស្ថាប័នប៉ូលិស​ទាំងអស់បញ្ឈប់​សង្គ្រាម​ប្រឆាំងគ្រឿងញៀន ជាបណ្តោះ​អាសន្នដោយសារតែ​មានការចោទ​ប្រកាន់ពីអំពើពុករលួយ​ផ្ទៃក្នុងនៃ​ស្ថាប័ននេះ ដែលបាននិង​កំពុងរីករាលដាកាន់តែខ្លាំង។ តែទោះបីជាការ ប្រកាសផ្អាកជាបណ្តោះ​អាសន្នត្រូវបានធ្វើឡើងក៏ពិតមែន ក៏ក្រុមអ្នកឃ្លាំមើលបានអះអាងថា មនុស្សយ៉ាងហោចណាស់ជាង ៦,០០០នាក់ ត្រូវបានសម្លាប់នៅក្នុងរយៈពេល០៧ខែ នៃការឡើង​កាន់​​អំណាចរបស់លោក ឌូតើតេ។

គួរបញ្ជាក់ថា បទបញ្ជារបស់លោក ឌូតើតេ ខាងលើនេះបានកើតឡើង បន្ទាប់ពីមានការចោទប្រកាន់ថា មន្ត្រីប៉ូលិសមួយចំនួនបានឆ្លៀតឱកាសពីសង្គ្រាម ប្រឆាំង​គ្រឿងញៀនដ៏ក្តៅគគុក ដើម្បីប្រើប្រាស់​គ្រឿងញៀនដោយខ្លួនឯង រួចឈានទៅដល់ការប្រព្រឹត្តអំពើ សម្លាប់រង្គាល ចាប់ជម្រិត ឆក់ប្លន់និងជម្រិត យកប្រាក់​ជាដើម៕