(វ៉ាស៊ីនតោន)៖ រដ្ឋបាលអាមេរិកបានដាក់អ៊ីរ៉ង់ក្រោមការប្រុងប្រយ័ត្ន ព្រមទាំងព្រមានផងដែរចំពោះការធ្វើសកម្មភាពបង្កអស្ថេរភាពនៅក្នុងតំបន់ ក្នុងនោះរួមមានទំាងការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។ នេះបើតាមទីប្រឹក្សាសន្តិសុខរបស់លោក ដូណាល់ ត្រាំ គឺលោក មីសែល ផ្លៃអ៊ីន (Michael Flynn) ដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៧។
ថ្លែងទៅកាន់អ្នកសារព័ត៌មានលោក មីសែល ផ្លៃអ៊ីន បានឱ្យដឹងថា «ចាប់ពេលនេះតទៅសហរដ្ឋអាមេរិក ធ្វើការព្រមានអ៊ីរ៉ង់ជាផ្លូវការ ពីព្រោះសកម្មភាពរបស់អ៊ីរ៉ង់ នាពេលថ្មីៗនេះរួមមានទាំងការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប និងការវាយប្រហារទៅលើនាវាចម្បាំងរបស់ អារ៉ាប៊ី សាអ៊ូឌីត ពីសំណាក់ក្រុមឧទ្ទាមហ៊ូទី ដែលមានអ៊ីរ៉ង់ជាមេកើយ បានបង្ហាញយ៉ាងច្បាស់ថា សហគមន៍អន្តរជាតិត្រូវតែធ្វើប្រតិកម្មឆ្លើយតបចំពោះអាកប្បកិរិយាបង្កអស្ថេរភាពរបស់ អ៊ីរ៉ង់នៅក្នុងតំបន់មជ្ឈិមបូព៌ា»។
គួរបញ្ជាក់ថាកាលពីថ្ងៃពុធទីក្រុងតេហេរ៉ង់ បានទទួលស្គាល់ថាខ្លួនបានបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប ដោយមិនបានរំលោភលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយនឹងបណ្ដាប្រទេសមហាអំណាចនោះទេ។ ក៏ប៉ុន្តែសម្រាប់ទីក្រុងវ៉ាស៊ីនតោន វាគឺជាទង្វើផ្ទុយទាំងស្រុងនឹងសេចក្ដីសម្រេចលេខ ២២៣១ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលអំពាវនាវមិនឱ្យអ៊ីរ៉ង់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបនោះឡើយ៕