(បាងកក)៖ ការនាំចេញអង្កររបស់ប្រទេសថៃ ដែលជាអ្នកផ្គត់ផ្គង់ធំបំផុតលើលោកបន្ទាប់ពីប្រទេសឥណ្ឌា ទំនងជានឹងជួបប្រទះនូវការធ្លាក់ចុះក្នុងអត្រាប្រហែល០៤ភាគរយនៅឆ្នាំ២០១៧នេះ នៅចំពោះមុខកំណើនដ៏ខ្លាំងក្លានៃការប្រកួតប្រជែងពីវៀតណាមក៏ដូចប្រទេសដទៃៗមួយចំនួនទៀត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃបាងកកប៉ុស្តិ៍ នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៧។
ថ្លែងក្នុងបទសម្ភាសន៍មួយនៅថ្ងៃពុធសប្តាហ៍នេះ លោក Chookiat Ophaswongse ជាប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញស្រូវអង្ករថៃ បានថ្លែងថា ចំនួនសរុបនៃការនាំចេញអង្ករនៅក្នុងឆ្នាំ២០១៧នេះ គឺ៩.៥លានតោន ខណៈបើយោងតាមទិន្នន័យពីក្រសួងពាណិជ្ជថៃ ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះបាននាំចេញអង្ករចំនួន៩.៨៨លានតោនទៅកាន់ទីផ្សារពិភពលោកកាលពីឆ្នាំ២០១៦។
គួរបញ្ជាក់ថាយោងតាមលោក Chookiat ការប្រកួតប្រជែងដ៏ខ្លាំងសម្បើមពីសំណាក់ប្រទេសវៀតណាម ប្រហែលនឹងកាត់បន្ថយការនាំចេញអង្ករគ្រាប់វែងរបស់ថៃប្រមាណជា៤០០,០០០តោន គឺនៅត្រឹម៤.៦៦លានតោនតែប៉ុណ្ណោះ ទោះបីជាការលក់នៃប្រភេទអង្ករផ្កាម្លិះកើនឡើងប្រមាណជា០៩ភាគរយ គឺដល់២.៥លានតោនយ៉ាងណាក្តី៕