(សេអ៊ូល)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកថ្មី លោក ជែម ម៉ាតទីស (James Mattis) បានធ្វើដំណើរមកដល់កូរ៉េខាងត្បូងហើយនៅថ្ងៃព្រហស្បតិ៍នេះ នៅក្នុងក្របខ័ណ្ឌ នៃការបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ និងដើម្បីបញ្ជាក់ពីគោលជំហររបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងបន្តធ្វើជាខែលនុយក្លេអ៊ែរការពារកូរ៉េខាងត្បូង ប្រឈមមុខនឹងការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក ជែម ម៉ាតទីស បានធ្វើដំណើរមកដល់មូលដ្ឋានទ័ពអាកាសអូសាន (Osan) នៃតំបន់ព្យុងតេក (Pyeongtaek) ស្ថិតនៅចំងាយ៧០គីឡូម៉ែត្រពីទីក្រុងសេអ៊ូល នៅម៉ោងប្រមាណ ១២៖៣០នាទីថ្ងៃត្រង់ (ម៉ោងនៅក្នុងទីក្រុងសេអ៊ូល)។ ដោយឡែកបើតាមកម្មវិធីនៃដំណើរទស្សនកិច្ច លោក ម៉ាតទីស នឹងបន្តធ្វើដំណើរទៅកាន់ទីបញ្ជាការកងទ័ពអាមេរិកប្រចាំកូរ៉េខាងត្បូង ក្នុងតំបន់យ៉ុងសាន(Yongsan) ជាទីដែលលោកនឹងត្រូវស្ដាប់ការពន្យល់ពីស្ថានភាពក្នុងឧបទ្វីបកូរ៉េ នាពេលបច្ចុប្បន្នក្នុងនោះ រួមមានទាំងការព្រមានបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប ICBM ពីសំណាក់របបដឹកនាំទីក្រុងព្យុងយ៉ាង ជាពិសេសនោះគឺគំរោងដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីល THAAD នៅលើទឹកដីកូរ៉េខាងត្បូងជាដើម ដែលកំពុងធ្វើឱ្យចិនក្ដៅក្រហាយកើតទុក្ខមិនសុខចិត្ត។
គួរបញ្ជាក់ថានៅថ្ងៃសុក្រស្អែកនេះ លោក ជែម ម៉ាតធីស នឹងត្រូវជួបពិភាក្សាដាច់ដោយឡែក ជាមួយប្រធានាធិបតីស្ដីទី លោក វ៉ាង ក្យូអាន់ (Hwang Kyo-ahn) និងរដ្ឋមន្រ្តីការបរទេសលោក យ៉ុន ប៊ីយ៉ុងសេ (Yun Byung-se) លើបញ្ហាកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលកូរ៉េខាងជើងមុននឹងលោកត្រូវបន្តទស្សកិច្ចទៅកាន់ប្រទេសជប៉ុន៕