(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៊ីបានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិ Adisutjipto នៅក្នុងខេត្តYogyakarta នៅតែបន្តផ្អាកដំណើរការដដែលឈានចូលដល់រសៀលថ្ងៃព្រហស្បតិ៍ នេះបន្ទាប់ពីមានហេតុការណ៍យន្តហោះដឹកអ្នកដំណើរ ១៣០នាក់ មួយគ្រឿងរអិលធ្លាក់ចេញពីផ្លូវកាលពីយប់ថ្ងៃពុធ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៧។
គួរបញ្ជាក់ថាយន្តហោះរបស់អាកាសចរណ៍ Garuda របស់ប្រទេសឥណ្ឌូណេស៊ី ប្រភេទ Boeing 737-800NG ធ្វើដំណើរពីរដ្ឋធានីហ្សាការតា បានធ្លាក់ចេញពីផ្លូវព្រលានបន្ទាប់ពីព្យាយាមធ្វើការចុះចត អំឡុងពេលមានភ្លៀងធ្លាក់ខ្លាំងនៅយប់ថ្ងៃពុធ។ សម្រាប់ខេត្ត Yogyakarta គឺជាកន្លែងចតដ៏សំខាន់មួយ ដើម្បីត្រៀមធ្វើដំណើរទៅកាន់កោះជ្វា ដែលជាមជ្ឈមណ្ឌលវប្បធម៌ដ៏ធំរបស់ឥណ្ឌូណេស៊ី។
សេចក្តីថ្លែងការណ៍ពីអាកាសយានដ្ឋានខាងលើនេះបានឲ្យដឹងទៀតថា អ្នកដំណើរ ១២៣នាក់ និងអ្នកបម្រើការងារលើយន្តហោះ ០៧នាក់ទៀតត្រូវបានជម្លៀសចេញដោយសុវត្ថិភាព ហើយសម្រាប់ព្រលានយន្តហោះ Adisutjipto នឹងត្រូវដំណើរការឡើងវិញនៅវេលាម៉ោង ៣៖០០នាទីរសៀលថ្ងៃព្រហស្បតិ៍នេះ៕