(វ៉ាស៊ីនតោន)៖ ជំទាវទីមួយនៃសហរដ្ឋអាមេរិកលោកស្រី មេឡានៀ ត្រាំ (Melania Trump) បានសម្រេចតែងតាំងលោកស្រី លីនសេ រ៉េយណុលស៍ (Lindsay Reynolds) ដែលធ្លាប់បម្រើការងារនៅឯសេតវិមានក្រោមរដ្ឋបាលដឹកនាំរបស់ អតីតប្រធានាធិបតីលោក George W. Bush នោះធ្វើជាប្រធានខុទ្ទកាល័យរបស់លោកស្រី។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន ដែលដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៧។
លោកស្រី Lindsay Reynolds ដែលមានបទពិសោធន៍រយៈពេលជាង១៤ឆ្នាំ ពាក់ព័ន្ធនឹងការរៃអង្គាសមូលនិធិ និងការរៀបចំចាត់ចែងកម្មវិធីផ្សេងនោះ នឹងមានតួនាទីទទួលបន្ទុកគ្រប់គ្រងរាល់របៀបវារៈ និងប្រតិបត្តិការប្រចាំថ្ងៃនានានៃការិយាល័យរបស់ជំទាវទីមួយ ហើយលោកស្រី Reynolds បានបញ្ជាក់ថា ការងារដំបូងបំផុតរបស់លោកស្រី គឺការចាប់ផ្តើមកម្មវីធីដំណើរទស្សនកិច្ចសេតវិមានឡើងវិញ នៅក្នុងរដ្ឋបាលថ្មីនេះបន្ទាប់ពីត្រូវបានផ្អាកជាបណ្តោះអាសន្ន នៅអំឡុងពេលផ្ទេរអំណាច។
គួរបញ្ជាក់ថាលោកស្រី Melania Trump បានគ្រោងបែងចែកពេលវេលារបស់លោកស្រីរវាងរដ្ឋធានីវ៉ាស៊ីនតោន និងទីក្រុងញូយ៉ក ដែលជាកន្លែងកូនប្រុស Barron Trump ជិតបញ្ចប់ឆ្នាំសិក្សារបស់គេ៕