(សេអ៊ូល)៖ លោក មូន ជែអ៊ីន (Moon Jae-In) អតីតប្រធានគណបក្សមីនជូ (Minjoo Party) ដែលជាបក្សប្រឆាំងដ៏ធំជាងគេបំផុតនៅប្រទេសកូរ៉េខាងត្បូង នៅតែបន្តរក្សាលេខរៀងកំពូលដដែល បន្ទាប់ពីអតីតអគ្គលេធិការនៃអង្គការសហប្រជាជាតិលោក បាន គីមូន បានប្រកាសថានឹងមិនចូលរួមប្រកួតប្រជែងក្នុងការឈរឈ្មោះបោះឆ្នោត ដើម្បីដណ្តើមយកតំណែងជាប្រធានាធិបតីកូរ៉េខាងត្បូងថ្មីនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមការស្ទង់មតិមួយរបស់ Realmeter ទៅតាមសំណើរបស់សារព័ត៌មានកូរ៉េខាងត្បូង Maeil Business នាថ្ងៃពុធសប្តាហ៍នេះ ដែលត្រូវធ្វើឡើងចំពោះអ្នកចូលរួមចំនួន១,០០០នាក់ ដើម្បីឆ្លុះបញ្ចាំងពីការដកខ្លួនចេញរបស់លោក បាន គីមូន អតីតមេបក្សមីនជូទទួលបានសំឡេងគាំទ្រចំនួន២៥.៥ភាគរយ ដោយបានវ៉ាដាច់គូប្រកួតដទៃៗទៀតយ៉ាងឆ្ងាយ។
ដោយឡែកការស្ទង់មតិមួយផ្សេងទៀត ដែលត្រូវបានធ្វើឡើងដោយ Realmeter នៅថ្ងៃដដែលទៅតាមស្ថានីយទូរទស្សន៍ JTBC បានបង្ហាញថា លោក មូន ជែអ៊ីន ជាប់ចំណាត់លេខមួយក្នុងនាមជាមេដឹកនាំកំពូលថ្មីរបស់កូរ៉េខាងត្បូង ជាមួយនិងសំឡេងគាំទ្រ២៦.១ភាគរយ ខណៈគូប្រជែងផ្សេងៗទៀតទទួលបានសំឡេងគាំទ្រយ៉ាងច្រើនត្រឹមជាង១០ភាគរយតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា លោក បាន គីមូន ដែលបានបញ្ជាក់អាណត្តិទីពីរនៃតំណែងជាប្រមុខដឹកនាំកំពូលអង្គការសហប្រជាជាតិកាលពីចុងឆ្នាំ២០១៦កន្លងទៅនោះ បានវិលត្រឡប់មកកាន់មាតុប្រទេសវិញកាលពីបីសប្តាហ៍មុន ហើយលោកត្រូវបានប្រជាជនកូរ៉េខាងត្បូងចាត់ទុកថា ជាបុគ្គលមួយរូបសម្រាប់តំណែងជាប្រធានាធិបតី ប៉ុន្តែនៅថ្ងៃពុធម្សិលមិញនេះលោក បាន គីមូន បានប្រកាសដកខ្លួនចេញដោយលោកថានឹងមិនចូលរួមប្រកួតប្រជែង ដើម្បីដណ្តើមយកតំណែងនេះឡើយ៕