(អវកាស)៖ នៅពេលដែល​បានឃើញរូបភាព​ដ៏ល្អអស្ចារ្យ​របស់ផែនដី​ដែលត្រូវបានផ្តិត​យកពី​លំហអាកាស មនុស្សមួយចំនួន​បាន​ចោទ​ជា​​សំណួរ​​ថា​ ហេតុអ្វីបានជាយើង​មើលពុំឃើញ​មានវាល​គំនរសំរាម​វិលជុំវិញគន្លង​នៃភពរបស់យើង ​នៅក្នុងរូបភាពនានារបស់​ផែនដី? បើសិន​ជា​អ្នក​វិទ្យា​សា​ស្រ្ត​បានអះអាងថា​មានសំរាម​ជាច្រើន​ហូរហៀរ​នៅទីអវកាស​នោះ។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពីគេហទំព័រ Popular Science នៅមុននេះ​​បន្តិចនាព្រឹក​ថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៧។

ជាការពិតណាស់វាមិនមែនជារឿងកុហក​បោកប្រាស់​នោះឡើយ ព្រោះថាទីអវកាស​នៅលើភព​ផែនដី​របស់យើងកំពុងតែកកកុញ​កាន់​តែ​ខ្លាំង​ឡើង ដោយសារ​ផ្កាយរណប និងសំរាមអវកាស ហើយអ្វី​ដែលសំខាន់​នោះគឺមនុស្សលោក​ និងវត្ថុ​ដែលយើងផលិត​ឡើងមានទំហំតូចៗ​ខ្លាំង បើ​ធៀប​ទៅនឹងភាព​ដ៏ធំទូលាយ​ល្វឹងល្វើយ​​របស់ផែនដី។ បច្ចុប្បន្នមាន​ផ្កាយរណប​ចំនួន៤,២៥៦គ្រឿង (ប្រហែល១,១៤៩គ្រឿង​នៅដំណើរការ​ជា​ធម្មតា) កំពុងធ្វើដំណើរ​ក្រឡឹងជុំវិញ​ផែនដី ដោយឧបករណ៍​ទាំងអស់នេះគិត​ចាប់ពីរកូនផ្កាយ​រណប CubeSat ដែលមានប្រវែងត្រឹម​២៥សង់​ទីម៉ែត្រប៉ុណ្ណោះ​នោះ រហូតដល់ផ្កាយរណប​ទំនាក់ទំនង​ដែលអាច​មានប្រវែង​ដល់ជាង៣០ម៉ែត្រ ក៏ប៉ុន្តែពួកវា​នៅតែមាន​ទំហំតូចខ្លាំង​ដដែល​​នៅពេល​ដែលអ្នកក្រឡេក​មកមើលថា​ ភពផែនដី​មានអង្កត់ផ្ចិតដល់​ទៅប្រវែង​១២,៧៤២គីឡូម៉ែត្រ​ឯណោះ។

ម៉្យាងវិញទៀត​សូម្បីតែស្ថានីយ​អវកាសអន្តរជាតិ ISS មានប្រវែងជិត​១១០ម៉ែត្រ​ និងជាវត្ថុមនុស្ស​បង្កើតធំជាង​គេ​បង្អស់ដែល​ធ្វើដំណើរគោចរ​​ជុំវិញផែនដីនោះ នៅមិនអាច​មានទំហំធំ​គ្រប់គ្រាន់ដើម្បី​​ឲ្យឧបករណ៍​អង្កេតផែនដី​ដូចជាកាមេរ៉ា EPIC របស់​ផ្កាយរណប DSCOVR ដែល​មាន​​សមត្ថភាព​ថតយករូបភាព​ដ៏ល្អឥតខ្ចោះរបស់​ភពផែនដីពី​ រយៈចម្ងាយរាប់លាន​គីឡូម៉ែត្រអាចមើល​ឃើញ​ឡើយ។

លោក Jay Herman ជាអ្នកវិទ្យាសាស្រ្ត​ដែលដឹកនាំ​ប្រតិបត្តិការ EPIC បាននិយាយថា​ ទោះបីជា​កម្ទេចកម្ទីរ​ក៏ដូចបំណែក​តូចៗ ដែល​ធ្លាប់​ជា​​ផ្នែក​នៃ​ផ្កាយ​រណប​​របស់ចិន រុស្ស៊ី ឬមួយក៏​អាមេរិក មិនត្រូវបាន​មើលឃើញនៅ​ក្នុងរូបភាពយ៉ាងណាក្តី ក៏ពួកវាអាច​មានលទ្ធភាព​បង្កជាបញ្ហា​​យ៉ាងពិតប្រាកដ​នៅក្នុងលំហ​អាកាស​ផងដែរ។

លោក Herman បានបន្តថាសម្រាប់អ្នកប្រកាន់ជំហរថា «ឃើញផ្ទាល់នឹងភ្នែកទើបជឿ» វិញ​នោះ គឺ​មាន​មធ្យោ​បាយ​​ដើម្បី​មើល​ឃើញ​វត្ថុ​​ទាំង​អស់​​​ដែល​ស្ថិត​នៅ​​ជុំវិញ​គន្លងផែនដី ប៉ុន្តែវាមិន​ពាក់ព័ន្ធ​នឹងការតាម​ដាន​ដោយប្រព័ន្ធរ៉ាដា ផ្កាយរណប ឬរូបថតនោះ​ឡើយ។ អ្នកគ្រាន់តែ​​​ចេញ​ទៅក្រៅផ្ទះ​នៅចំពេលរាត្រី​ដែលមានមេឃ​ស្រឡះល្អ អមដោយពន្លឺ​ព្រះចន្ទបន្តិច​បន្តួច ហើយរក​កន្លែងដែលមាន​ការបំពុលពន្លឺ​តិចតួចស្តួច​​ស្តើងបំផុត រួចក្រឡេក​មើលទៅកាន់​តារានៅ​លំហអាកាស។

ក្រោយមក​នៅពេលដែល​កែវភ្នែករបស់អ្នក​អាចសម្រប​ខ្លួនបាន អ្នកគួរតែអាច​​មើលឃើញ​ពន្លឺតូចៗដែល​ធ្វើចលនាយ៉ាង​ស្មើឆ្លង​កាត់ផ្ទៃមេឃ ដែលពួកវា​មានទំហំតូច​ជាងហើយនឹង​លឿន​ជាងយន្តហោះ។ ទាំងនោះគឺ​ជាផ្កាយ​រណប​មួយចំនួន​ដែលមានទំហំ​ធំ និងស្ថិតក្នុងកម្ពស់ទាបគ្រប់គ្រាន់ អាចឲ្យយើងមើល​ឃើញពីផែនដី ខណៈវត្ថុតូចៗ​ជាច្រើនផ្សេង​ទៀត​​ដែល​កំពុង​រសាត់​​អណ្តែត​ជុំវិញភព​របស់យើង មិនអាចឃើញដោយ​ភ្នែកទទេ​នោះឡើយ៕