(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ម៉ាល់ខុម ធឺនប៊ូល (Malcolm Turnbull) បានតឹងសសៃកដាក់គ្នានៅពេលនិយាយដល់រឿងកិច្ចព្រមព្រៀងស្ដីពីជនភៀសខ្លួនរវាងប្រទេសទាំងពីរ នៅក្នុងអំឡុងពេលនៃកិច្ចសន្ទនាតាមទូរស័ព្ទនាពេលថ្មីៗនេះ។ នេះបើតាមសេចក្ដីរាយការណ៍របស់កាសែត Washington Post ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមកាសែត Washington Post លោក ដូណាល់ ត្រាំ បានដាក់ទូរស័ព្ទចុះភ្លាមៗ ជាមួយលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី បន្ទាប់ពីបានជជែកគ្នាស្ដីពីកិច្ចព្រមព្រៀងជនភៀសខ្លួន រវាងប្រទេសទាំងពីរ។ ចំពោះការលើកឡើងនេះដែរ លោក ម៉ាល់ខុម ធឺនប៊ូល នៅថ្ងៃព្រហស្បតិ៍នេះ បានបដិសេធមិនធ្វើអត្ថាធិប្បាយនៅពេលអ្នកសារព័ត៌មានសួរបញ្ជាក់ថា តើព័ត៌មានខាងលើគឺជាការពិត ឬក៏យ៉ាងណា ដោយលោកគ្រាន់តែបានបញ្ជាក់ថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអូស្ត្រាលីនៅតែរឹងមាំ។
លោក ធឺនប៊ូល បានឱ្យដឹងដូច្នេះថា «ខ្ញុំពេញចិត្តចំពោះចំណាប់អារម្មណ៍របស់អ្នក ក៏ប៉ុន្តែវាល្អជាងអ្វីដែលអ្នកកំពុងគិត ត្បិតកិច្ចសន្ទនានោះធ្វើឡើងដោយភាពស្មោះត្រង់ និងជាលក្ខណៈឯកជន ហើយខ្ញុំអាចធានាចំពោះអ្នកបានថា ទំនាក់ទំនងរវាងប្រទេសទំាងពីរនៅតែរឹងមាំជាទីបំផុត»។
គួររំលឹកថាកាលពីថ្ងៃចន្ទកន្លងទៅ លោក ម៉ាល់ខុម ធឺនប៊ូល បាននិយាយថា លោក ដូណាល់ ត្រាំ យល់ព្រមទទួលយកកិច្ចព្រៀងក្រោមរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា ដើម្បីតាំងទីលំនៅថ្មីសម្រាប់ជនភៀសខ្លួនក្នុងចំនួនមិនជាក់លាក់ នៃជនភៀសខ្លួនជាង១,៦០០នាក់ នៅឯមជ្ឈមណ្ឌលទទួលជនភៀសខ្លួនលើកោះណូរុ និង ប៉ាពួរញូហ្គីណេ (Papua News Guinea)។ ប៉ុន្តែនៅពេលនេះគេមានការព្រួយបារម្ភថាវានឹងអាចលុបចោល ដោយសារតែលោក ដូណាល់ ត្រាំ បានបង្ហាញសញ្ញាមិនស្រួល តាមរយៈនយោបាយរារាំងជនភៀសខ្លួន៕