(ប៊ែរឡាំង)៖ ប្រធានាធិបតីអ៊ុយក្រែន លោក ផេត្រូ ផរ៉ូសេនកូ (Petro Poroshenko) មានគំរោងរៀបចំការបោះឆ្នោតប្រជាមតិមួយ ដើម្បីកំណត់ថាតើអ៊ុយក្រែន គួរតែចូលជាសមាជិកអង្គការណាតូ (NATO) ឬក៏យ៉ាងណា ខណៈការស្ទង់មតិជាច្រើនបានបង្ហាញថា ៥៤ភាគរយនៃប្រជាជនអ៊ុយក្រែន គាំទ្រចំពោះគំរោងនេះនៅក្នុងបរិបទដែលទីក្រុងកៀវ និងទីក្រុងម៉ូស្គូកំពុងពាក់មុខយក្សដាក់គ្នា ដោយសារជម្លោះនៅភាគខាងកើតប្រទេសអ៊ុយក្រែន។ នេះបើតាមសារព័ត៌មានអាល្លឺម៉ង់ Funke Mediengruppe ដកស្រង់សម្ដីដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៧។
អ៊ុយក្រែននិងអង្គការណាតូមានទំនាក់ទំនងល្អនឹងគ្នាចាប់តាំងពីដើមទសវត្សរ៍១៩៩០មកម្លេះ។ ក៏ប៉ុន្តែអង្គការណាតូផ្ទាល់ ក៏ធ្លាប់បានបង្ហាញពីការស្ទាក់ស្ទើរក្នុងការទទួលយកទីក្រុងកៀវ ជាសមាជិករបស់ខ្លួនផងដែរ ដោយខ្លាចក្រែងរុស្ស៊ីអាក់អន់ស្រពន់ចិត្ត។ ដោយឡែកជុំវិញបញ្ហានេះដែរ ថ្លែងនៅក្នុងបទសម្ភាសន៍ លោក ប៉ូរ៉ូឈិនកូ បានគូសបញ្ជាក់ថា «កាលពី០៤ឆ្នាំមុន ប្រជាជនអ៊ុយក្រែនតែ១៦ភាគរយប៉ុណ្ណោះ គំាទ្រឱ្យអ៊ុយក្រែនចូលជាសមាជិកអង្គការណាតូ តែឥឡូវប្រជាជនដល់ទៅ៥៤ភាគរយ បានបង្ហាញការគាំទ្ររបស់ពួកគេ។ ដូច្នេះក្នុងនាមជាប្រធានាធិបតី ខ្ញុំនឹងគោរពតាមការចង់បានរបស់ប្រជាជនរបស់ខ្ញុំ ហើយខ្ញុំនឹងរៀបចំការបោះឆ្នោតប្រជាមតិ ក៏ដូចជា នឹងធ្វើអ្វីតាមដែលអាចធ្វើទៅបាន ដើម្បីក្លាយជាសមាជិករបស់អង្គការណាតូ»។
គួរបញ្ជាក់ថាអង្គការណាតូ និងអ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីថាបានបញ្ជូនកងទ័ព និងផ្ដល់អាវុធឱ្យក្រុមឧទ្ទាមបំបែករដ្ឋ នៅឯភាគខាងកើតប្រទេសអ៊ុយក្រែន កំពុងញាំញីដោយសារជម្លោះ ដែលបានផ្ដាច់យកអាយុជីវិតមនុស្សជាង ១០,០០០នាក់ហើយ គិតចាប់តាំងពីខែមេសា ឆ្នាំ២០១៤មក។ តែទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ីបានទាត់ចោលកាន់ចោទប្រកាន់ទាំងនេះ៕