(យ៉ាងហ្គូន)៖ ប្រទេស មីយ៉ាន់ម៉ា ជាប្រទេសដីគោកមួយក្នុងចំណោមប្រទេសទាំង១០ នៅអាស៊ីអាគ្នេយ៍ ដែលធ្លាប់ប្រកាន់យករបបយោធានិយម អស់រយៈពេលជាច្រើនឆ្នាំ ដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេស ឯកាទំាងទំនាក់ទំនងការទូត និងពាណិជ្ជកម្មពីសំណាក់លោកខាងលិច។
ប៉ុន្តែប្រទេសមីយ៉ាន់ម៉ា បានប្រែមុខមាត់ជាថ្មី និងមានការអភិវឌ្ឍន៍គួរកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីអតីតមេដឹកនាំរបបយោធានិយម សម្រេចចិត្តធ្វើកំណែទម្រង់របបដឹកនាំ។

ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៦​ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខ ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា លោក U Htin Kyaw និងភរិយា រួមទាំងគណៈប្រតិភូ នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា។

តើប្រទេស មីយ៉ាន់ម៉ា មានស្ថានភាពទូទៅនិងមានរបត់នយោបាយបែបណា?

ខាងក្រោមនេះជាព័ត៌មានសំខាន់ៗស្តីប្រទេសអាស៊ីអាគ្នេយ៍មួយនេះ៖
* ឈ្មោះជាផ្លូវការ៖សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា
* រដ្ឋធានី៖ Naypyidaw
* ទីក្រុងធំជាងគេ៖ Yangon
* ភាសាផ្លូវការ៖ ភូមា
* សាសនា៖ ព្រះពុទ្ធសាសនា
* អង្គនីតិបញ្ញត្តិ៖ ចែកចេញជាពីរគឺ សភាជាន់ខ្ពស់ និងសភាជាន់ទាប
* ទទួលបានឯករាជ្យពីចក្រភពអង់គ្លេស៖ ថ្ងៃទី០៤ ខែមករា ឆ្នាំ១៩៤៨
* ផ្ទៃដី៖ ៦៧៦,៥៧៨ គីឡូម៉ែត្រការ៉េ (លំដាប់ទី៤០លើពិភពលោក)
* ផ្ទៃទឹក៖ ៣.០៦ភាគរយ
* ចំនួនប្រជាជន (ជំរឿនឆ្នាំ២០១៤)៖ ៥១,៤៨៦.២៥៣នាក់ (លំដាប់ទី២៥លើពិភពលោក)
* ដង់ស៊ីតេ៖ ៧៦នាក់ក្នុង១គីឡូម៉ែត្រការ៉េ (លំដាប់ទី១២៥លើពិភពលោក)
* GDP សរុប (ឆ្នាំ២០១៦)៖ សរុប៣១១ពាន់លានដុល្លារ
* GDP សម្រាប់ប្រជាពលរដ្ឋម្នាក់ៗ(ឆ្នាំ២០១៦)៖ ៥,៩៥២ដុល្លារ
* ប្រភេទលុយ៖ Kyat

១៖ ស្ថានភាពភូមិសាស្ត្រ៖
ប្រទេស មីយ៉ាន់ម៉ា មានសណ្ឋានដីសណ្តូកលើចន្លោះរយៈទទឹងខាងជើងទី៩ និង២៩ដឺក្រេ និងរយៈបណ្តោយខាងកើតទី៩២ និង១០២ដឺក្រ។ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០១១ ប្រទេសនេះត្រូវបានបែកចែកជារដ្ឋ និងតំបន់ចំនួន១៤ ស្រុកចំនួន៦៧ ទីក្រុងធំចំនួន៣៣០ អនុក្រុងចំនួន៦៤ ក្រុងតូចចំនួន៣៣៧ សង្កាត់ចំនួន២,៩១៤ ភូមិធំចំនួន១៤,២២០ និងភូមិតូចចំនួន៦៨,២៩០។

ប្រទេស មីយ៉ាន់ម៉ា មានព្រំប្រទល់ជាប់តំបន់ស្វយ័តទីបេ និងខេត្តយូណាន នៅភាគពាយព្យ ជាប់ប្រទេសឡាវ និងថៃភាគអាគ្នេយ៍ ជាប់ឆ្នេរសមុទ្រ បេងហ្គាល់ និងអាដាមភាគនារតី និងភាគខាងត្បូង ដែលមានប្រវែងរហូតដល់១ភាគបួន នៃប្រវែងព្រំប្រទល់សរុប។ នៅភាគខាងជើងវិញ មានជួរភ្នំ Hengduan ដែលមានព្រំប្រទល់ជាប់ប្រទេស ចិន ចំណែកខាងលិចជាប់ប្រទេសបង់ក្លាដេស។ទន្លេ Irrawaddy ជាទន្លេដែលវែងជាងគេ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលមានប្រវែងរហូតដល់២,១៧០គីឡូម៉ែត្រ ដែលបានហូរចាក់ ទៅក្នុងឈូងសមុទ្រMartaban។

២៖ តួនាទីយោធាក្នុងប្រទេស មីយ៉ាន់ម៉ា (ចាប់ពីឆ្នាំ១៩៦២ ដល់២០១១)
ប្រទេស មីយ៉ាន់ម៉ា ត្រូវធ្លាក់ក្រោមការគ្រប់គ្រងដោយរបបយោធានិយម ចាប់តាំងពីថ្ងៃទី០២ ខែមីនា ឆ្នាំ១៩៦២ ដោយសារការធ្វើរដ្ឋប្រហារក្រោមការដឹកនាំ របស់លោកឧត្តមសេនីយ Ne Win។ ចាប់តាំងពីពេលនោះមក ប្រទេសនេះ ត្រូវធ្លាក់ទៅក្រោមការគ្រប់គ្រងដោយរបបយោធានិយមមិនថា ដោយផ្ទាល់ ឬដោយប្រយោលរហូតដល់ឆ្នាំ២០១១។

រដ្ឋធម្មនុញ្ញថ្មី របស់សហភាពសាធារណរដ្ឋសង្គមនិយមភូមា ត្រូវបានសម្រេចជាធរមានក្នុងឆ្នាំ១៩៧៤។ រហូតដល់ឆ្នាំ១៩៨៨ អតីតប្រទេស ភូមាមួយនេះ ស្ថិតក្រោមការដឹកនាំតាមប្រព័ន្ធបក្សនយោបាយតែមួយ ដោយក្នុងនោះមានឧត្តមសេនីយ៍ និងមន្ត្រីយោធាជាអ្នកដឹកនាំប្រទេស។ ក្នុងអំឡុងពេលនោះ ប្រទេសនេះ បានក្លាយជាប្រទេសក្រីក្របំផុតលើពិភពលោក។

៣៖ ការធ្វើកំណែទម្រង់ឈានទៅរកលទ្ធិប្រជាធិបតេយ្យ
នៅឆ្នាំ២០០៨ ប្រទេស មីយ៉ាន់ម៉ា បានធ្វើប្រជាមតិដើម្បីធ្វើសេចក្តីសម្រេចទៅលើរដ្ឋធម្មនុញ្ញ ក្នុងគោលដៅបង្កើតឲ្យមានភាពរីកចម្រើនផ្នែក លទ្ធិប្រជាធិបតេយ្យ។ ផ្នែកមួយនៃលទ្ធផលក្នុងការធ្វើប្រជាមតិនេះ បណ្តាលឱ្យមានការផ្លាស់ប្តូរឈ្មោះពីសហភាពមីយ៉ាន់ម៉ា ទៅជាសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា។ មិនតែប៉ុណ្ណោះការបោះឆ្នោតឆ្នាំ២០១០ ត្រូវបានរៀបចំឡើងស្របតាមរដ្ឋធម្មនុញ្ញថ្មី។

តាមការអង្កេតការណ៍បានបង្ហាញថា ការបោះឆ្នោតឆ្នាំ២០១០នេះ ជាការបោះឆ្នោតដែលមានភាពសេរីពេញលក្ខណៈ។ យ៉ាងនេះក្តីមានការចោទប្រកាន់ថា មណ្ឌលបោះឆ្នោតខ្លះមានលក្ខណៈមិនប្រក្រតី ហើយអង្គការសហប្រជាជាតិ និងបណ្តាប្រទេសលោកខាងលិចមួយចំនួនបានរិះគន់ការបោះឆ្នោតនេះថា មានការកេងបន្លំ។ ជាមួយគ្នានេះដែរ ក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យបានលើកឡើងថា របបយោធានិយមមានពាក់ព័ន្ធនឹងការកេងបន្លំសន្លឹកឆ្នោតនេះ។

បន្ទាប់ពីការបោះឆ្នោតឆ្នាំ២០១០ រដ្ឋាភិបាលយោធា បានបញ្ចប់ការឃុំឃាំងលោកស្រី អង់សានស៊ូជី ក្នុងគេហដ្ឋាន ហេតុនេះលោកស្រីអាចធ្វើដំណើរដោយសេរី ទៅទូទាំងផ្ទៃប្រទេស ដែលនេះជាសញ្ញាបង្ហាញថា មេដឹកនាំយោធានិយមមានការបើកចំហជាងមុន។ បន្ទាប់ពីកំណែទម្រង់ដោយគ្មានការរំពឹងទុក កាលពីឆ្នា២០១០នោះ មេដឹកនំាបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ លោកស្រី អង់សានស៊ូជី បានសម្រេចចិត្តចូលរួមចុះឈ្មោះ ជាបេក្ខជនប្រធានាធិបតី។ ទីបំផុតរបបយោធានេះត្រូវបានបញ្ចប់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១១។

៤៖ រដ្ឋាភិបាល និងរបបនយោបាយ៖
ចាប់តាំងពីការទទួលបានឯករាជ្យពីអង់គ្លេសមក សេចក្តីព្រាងច្បាប់រដ្ឋធម្មនុញ្ញ ត្រូវបានធ្វើឡើងដោយមេដឹកនាំយោធា។ សភារបស់មីយ៉ាន់ម៉ា ប្រើប្រាស់ប្រព័ន្ធ ដែលមានសភាពីរអង្គ។ បំណែងចែកសមាជិកសភាត្រូវបានតែងតាំងដោយយោធាខ្លះ និងការបោះឆ្នោតខ្លះ។

សភាមីយ៉ាន់ម៉ា ត្រូវបានបង្កើតឡើងដោយ បែងចែកជាពីរគឺសភាជាន់ខ្ពស់មានចំនួន២២៤អាសនៈ ក្នុងចំណោមនោះ១៦៨អាសនៈត្រូវបានបោះឆ្នោតជ្រើសរើស ដោយផ្ទាល់ និង៥៦អាសនៈផ្សេងទៀត ត្រូវបានតែងតាំងដោយយោធាមីយ៉ាន់ម៉ា។ ចំណែកសភាជាន់ទាប មាន៤៤០អាសនៈ ក្នុងចំណោមនោះ៣៣០អាសនៈ ត្រូវបានបោះឆ្នោតជ្រើសរើសដោយផ្ទាល់ និង១១០ផ្សេងទៀត ត្រូវបានតែងតាំងដោយយោធា។

គណបក្សសំខាន់របស់ប្រទេសនេះមានពីរ គឺបក្សសម្ព័ន្ធភាពជាតិដើម្បីប្រជាធិបតេយ្យ និងបក្សសម្ព័ន្ធភាពដើម្បីការរួបរួម និងការអភិវឌ្ឍន៍។ សេចក្តីព្រាងច្បាប់រដ្ឋធម្មនុញ្ញត្រូវបានដាក់ចេញធរមាន បន្ទាប់ពីការធ្វើប្រជាមតិខែឧសភា ឆ្នាំ២០០៨។

ជាលទ្ធផលសម្លេង៩២.៤ភាគរយនៃអ្នកបោះឆ្នោតទាំង២២លាននាក់ បានបោះឆ្នោតគាំទ្រ តែត្រូវបានអ្នកអង្កេតការណ៍អន្តរជាតិ និងបក្សសម្ព័ន្ធភាពជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យសង្ស័យថា មានការកេងបន្លំសន្លឹកឆ្នោត។

សូមជម្រាបថា ប្រទេសមីយ៉ាន់ម៉ា ត្រូវបានជាប់ឈ្មោះជាប្រទេសដែលមានអំពើពុករលួយទី១៥៧ក្នុងចំណោ១៧៧ប្រទេសទូទាំងពិភពលោក។

៥៖ ទំនាក់ទំនងបរទេស៖
បើទោះបីជាទំនាក់ទំនងការបរទេស ជាពិសេសជាមួយលោកខាងលិចធ្លាប់រងភាពល្អក់កករអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ប៉ុន្តែទំនាក់ទំនងនេះត្រូវបាន ប្រសើរឡើងវិញ ចាប់តាំងពីការធ្វើកំណែទម្រង់បន្ទាប់ពីការបោះឆ្នោតឆ្នាំ២០១០។ នៅមុនឆ្នាំ២០១០ សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មទៅលើប្រទេស មីយ៉ាន់ម៉ាក្នុងនោះមានដូចជា ការហាមឃាត់ការលក់អាវុធដល់មីយ៉ាន់ម៉ា ការបញ្ឈប់ទំនាក់ទំនងពាណិជ្ជកម្ម ផ្អាករាល់ជំនួយនានាលើកលែង តែជំនួយមនុស្សធម៌ ឆ្លើយតបទង្វើអតីតមេដឹកនាំយោធានិយមដែលបានធ្វើពហិការមិនទទួលស្គាល់ និងដាក់សម្ពាធទៅលើក្រុមហ៊ុននានា របស់បណ្តាប្រទេសគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលជាលទ្ធផលបណ្តាលឱ្យក្រុមហ៊ុនអាមេរិក និងអឺរ៉ុបជាច្រើនបានដកខ្លួនចេញពីប្រទេសនេះ។

បន្ទាប់ពីការផ្តាច់ទំនាក់ទំនងការបរទេស និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងយោធាអស់រយៈពេលជាច្រើនឆ្នាំ សហរដ្ឋអាមេរិក បានចាប់ផ្តើមការផ្តល់ជំនួយជាថ្មីទៅលើប្រទេស មីយ៉ាន់ម៉ា ក្នុងខែវិច្ឆិកា ឆ្នាំ២០១១ ព្រមទាំងប្រកាសភ្ជាប់ទំនាក់ទំនងកាទូតជាមួយប្រទេសនេះ ឡើងវិញនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១២។

ជាមួយគ្នានេះដែរនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១២ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស បានផ្អាកការដាក់ទណ្ឌកម្មទៅលើប្រទេសនេះ បន្ទាប់ពីមើលឃើញពី ការធ្វើកំណែទម្រង់បែបថ្មី។ នៅខែឧសភា ឆ្នាំ២០១៣ លោកប្រធានាធិបតី Thein Sein បានក្លាយជាប្រធានាធិបតី មីយ៉ាន់ម៉ាទី១ ដែលបានធ្វើទស្សនកិច្ចនៅសេតវិមាន បន្ទាប់ការអាក់ខានអស់រយៈពេល៤៧ឆ្នាំមកហើយ ដោយប្រធានធិបតីភូមា ដែលបានធ្វើទស្សនកិច្ចនៅសេតវិមាន ចុងក្រោយបំផុតគឺតាំងពីឆ្នាំពីឆ្នាំ១៩៦៦មកម្ល៉េះ។

របត់នយោបាយថ្មី ធ្វើឱ្យអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា លើកសរសើរពីការធ្វើកំណែទម្រង់នយោបាយ និងសេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ា ព្រមទាំងការបញ្ឈប់ភាពតានតឹងរវាងប្រទេសទាំងពីរ។ រដ្ឋាភិបាលអាមេរិក និងមីយ៉ាន់ម៉ា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដាក់ចេញនូវគម្រោងវិនិយោគទុន និងពាណិជ្ជកម្មទ្វេភាគីកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៣កន្លងទៅនេះ។ មិនតែប៉ុណ្ណោះនៅខែមិថុនាឆ្នាំ២០១៣ ប្រទេសមីយ៉ាន់ម៉ា បានរៀបចំកិច្ចប្រជុំ កំពូលដំបូងបំផុត គឺវេទិការសេដ្ឋកិច្ចពិភពលោក ដែលជាភស្ថុតាងបង្ហាញពីការបើកចំហរបស់ប្រទេស មីយ៉ាន់ម៉ា ក្នុងទំនាក់ទំនងជាមួយ ពិភពលោក។

ការបន្ទន់ឥរិយាបទ និងការធ្វើកំណែទម្រង់របស់ប្រទេស អាស៊ីអាគ្នេយ៍មួយនេះ ជាការបើកផ្លូវសម្រាប់ទំនាក់ទំនងការទូត ពាណិជ្ចកម្ម បញ្ឈប់ការដាក់ទណ្ឌកម្មលើប្រទេស មីយ៉ាន់ម៉ា និងការទទួលបានជំនួយជាច្រើនសន្ធឹកសន្ធាប់។ មិនតែប៉ុណ្ណោះ វាបាននាំមកនូវការផ្លាស់ប្តូរមុខមាត់ថ្មី ឈានទៅរកការអភិវឌ្ឍន៍ និងការកសាងទំនាក់ទំនងស៊ីជម្រៅជាមួយលោកខាងលិច និងពិភពលោកទាំងមូល៕

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា