(យូអិន)៖ អគ្គលេខាធិការ​នៃអង្គការសហប្រជាជាតិ​​លោក អាន់តូនីញ៉ូ ហ្គូតឺរ៉េស (Antonio Guterres) នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​​បាន​បង្ហាញ​ពី​ក្តី​​ព្រួយ​បារម្ភ​យ៉ាង​​ក្រៃ​លែង​ ​ជុំ​វិញ​ផល​ប៉ះ​ពាល់​​អវិជ្ជមាន​នៃគោល​នយោបាយ​អាមេរិកនាពេល​ថ្មីៗ​នេះ ដែល​បាន​​ហាម​ឃាត់​មិន​​ឲ្យ​ជន​ភៀស​​ខ្លួន​​មូ​ស្លីម​​ឈាន​ជើង​ចូល​​ប្រទេស​​នៅ​តំបន់​អាមេរិក​​ខាងជើង​មួយនេះ​តទៀតឡើយ ដោយលោក ហ្គូតឺរ៉េស បានលើក​ឡើងថា វិធានការនេះ​គួរ​តែ​ត្រូវ​ដកចេញវិញ​ឲ្យបានឆាប់​ទើបល្អ។ នេះបើតាមការ​ចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅមុននេះ​បន្តិច​នាព្រឹក​ថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៧។

ជាការឆ្លើយតប​ទៅនឹងការផ្លាស់ប្តូរ​នយោបាយ​អាមេរិក​នាពេលថ្មីៗ​នេះ ជុំវិញ​កម្មវិធី​ជនភៀសខ្លួន​ដែលមាន​អាយុកាល​យូរណាស់​មក​ហើយ​នេះ លោក Antonio Guterres បានថ្លែង​ទៅកាន់​ក្រុមអ្នកសារព័ត៌មាន​ថា ការតាំងទីលំនៅថ្មី​គឺជា «ដំណោះស្រាយ​ដែលអាចទៅរួច​តែមួយគត់​» សម្រាប់ជន​ទាំងឡាយ​ណា​ ដែលបាន​សម្រេចភៀស​ខ្លួន​ចេញពី​សង្រ្គាម​ និងជម្លោះ​នៅក្នុង​ប្រទេស​កំណើតរបស់​ពួកគេ ហើយ​ការហាមឃាត់​​ជនទាំងអស់​នោះ ពិតជា​ជះផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​ជីវិត​រស់នៅ​របស់ពួកគេ។

គួរបញ្ជាក់ថាប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្រេចចេញបម្រាមហាមឃាត់ជន​ភៀស​ខ្លួន​ចូល​មក​កាន់​សហ​រដ្ឋ​អា​មេ​រិក​ចំនួន​០៤ខែ និងផ្អាកជាបណ្តោះអាសន្ននូវអ្នកដំណើរ ឬទេសចរមកពីបណ្តាប្រទេសម៉ូស្លីមចំនួន០៧ ដូចជា ស៊ីរី, អ៊ីរ៉ង់, អ៊ីរ៉ាក់, លីប៊ី, សូម៉ាលី, ស៊ូដង់, និងយ៉េមែន ដែលមានរយៈពេល៩០ថ្ងៃ។ ដោយឡែកជន​ភៀសមកពីបណ្តាប្រទេសជាច្រើនទៀតត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ចូល​ទឹក​ដី​អាមេរិកក្នុងរយៈពេល ១២០ថ្ងៃ ប៉ុន្តែសម្រាប់ជនភៀសខ្លួនស៊ីរីវិញ គឺត្រូវបានហាមឃាត់ដោយគ្មានពេលកំណត់។ លោក ត្រាំ បាន​បញ្ជាក់​ថា​វិធាន​ការ​ថ្មី​នេះ​គឺដើម្បីការពារសន្តិសុខនៅក្នុងសហរដ្ឋអាមេរិក ពីសំណាក់ពួកភេរវកររ៉ាឌីកាល់អ៊ីស្លាម។

ដោយឡែកវាជារឿងមិនអាចជៀសផុតនោះឡើយ ដោយចំណាត់ការក្តៅដែលដាក់ចេញដោយលោក ដូណាល់ ត្រាំ មិនបានប៉ុន្មានផង​​បានបង្កើតឡើងនូវការតវ៉ាប្រឆាំងយ៉ាងកក្រើក​ ពីសំណាក់​ជនភៀសខ្លួន​មកពីបណ្តា​ប្រទេស​​នានាដែលកកកុញ នៅ​ព្រ​លាន​​យន្ត​ហោះ​អន្តរ​ជាតិ​​ទូ​ទាំង​សហរដ្ឋអាមេរិក ដើម្បីប្រឆាំងទៅនឹង​​បទបញ្ជាហាមឃាត់​ជនភៀសខ្លួន​ចូលទឹកដីអាមេរិក​ជាបណ្តោះអាសន្ននោះ៕