(អាប៊ូដាប៊ី)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ គួរតែបញ្ជាក់ឱ្យបានច្បាស់លាស់ពីសំណើរបស់ខ្លួន ពាក់ព័ន្ធនឹងការបង្កើតតំបន់សន្តិសុខនៅក្នុងប្រទេសស៊ីរី ហើយថែមទំាងបញ្ជាក់ផងដែរថា ការអនុវត្តន៍នយោបាយដូចដែលធ្លាប់បានធ្វើនៅក្នុងប្រទេសលីប៊ី គឺជាសោកនាដកម្ម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៧។
ការលើកឡើងបែបនេះរបស់ លោក Sergei Lavrov ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយសមាភាគី អេមីរ៉ាត់ អារ៉ាប់រួម (United Arab Emirates) លោក Abdullah bin Zayed Al Nahyan នៅក្នុងទីក្រុងអាប៊ូដាប៊ី នៅថ្ងៃពុធសប្ដាហ៍នេះ។ លោក Lavrov បានបញ្ជាក់ដូច្នេះថា «លោកពិតជាសង្ឃឹមថារុស្ស៊ី នឹងអាចមានការពិភាក្សាគ្នាជាមួយក្រសួងការបរទេសអាមេរិក ដើម្បីទទួលបានព័ត៌មានបន្ថែម និងកាន់តែជាក់លាក់ ស្ដីពីគំរោងបង្កើតតំបន់សន្តិសុខនៅក្នុងប្រទេសស៊ីរីរបស់ លោក ដូណាល់ ត្រាំ ខណៈលោកផ្ទាល់មិនជឿឡើយថា ប្រធានាធិបតីអាមេរិកថ្មីរូបនេះ នឹងអនុវត្តន៍គោលនយោបាយដូចគ្នាដែលធ្លាប់បានប្រើ នៅក្នុងប្រទេសលីប៊ី កាលពីឆ្នាំ២០១១ ត្បិតវាបានបង្កជាសោកនាដកម្មដល់ប្រជាជនលីប៊ី រហូតមកទល់ពេលបច្ចុប្បន្ន»។
គួរបញ្ជាក់ថា កាលពីចុងឆ្នាំ២០១៦កន្លងទៅ លោក ដូណាល់ ត្រាំ ធ្លាប់បានបង្ហើបពីគំរោងបង្កើតតំបន់សន្តិសុខ នៅក្នុងប្រទេសស៊ីរី ហើយមិនតែប៉ុណ្ណោះសារព័ត៌មាន អាមេរិកមួយចំនួនក៏បានរាយការណ៍ដែរថា លោក ត្រាំ នឹងបង្ខំឱ្យបណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រហ្គូល ចេញថ្លៃចំណាយលើគំរោងនេះ៕