(វ៉ាស៊ីនតោន)៖ អតីតនាយកប្រតិបត្តិក្រុមហ៊ុនប្រេង Exxon Mobil លោក រិច ធាល្លឺសុន (Rex Tillerson) បានស្បថចូលកាន់តំណែងរដ្ឋមន្ត្រីការបរទេសអាមេរិកជាផ្លូវការហើយ នៅល្ងាចថ្ងៃពុធសប្តាហ៍នេះបន្ទាប់ពីការតែងតាំងរូបលោកត្រូវបានព្រឹទ្ធសភាអនុម័តទទួលស្គាល់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៧។
ថ្លែងនៅក្នុងឱកាសពិធីស្បថចូលកាន់តំណែងនោះដែរ នៅឯសេតវិមាន លោក ដូណាល់ ត្រាំ បាននិយាយថា «វាជាពេលវេលាត្រូវផ្ដោតសំខាន់លើកិច្ចការបរទេស ហើយយើងទាំងអស់គ្នានឹងធ្វើបានល្អជាងមុន នៅពេលដែលយើងធ្វើសកម្មភាពរួមគ្នាដោយគ្មានជម្លោះ ដើម្បីដោះស្រាយជម្លោះដូចយើងកំពុងឃើញសព្វថ្ងៃ ដែលជារឿងគួរឱ្យសោកស្ដាយជាទីបំផុត»។
គួរបញ្ជាក់ថា លោក រិច ធៀលលឺសុន ត្រូវបានព្រឹទ្ធសភាអាមេរិកបោះឆ្នោតអនុម័តទទួលស្គាល់ជារដ្ឋមន្ត្រីការបរទេសអាមេរិកថ្មីជំនួសលោក ចន ឃើរី ដោយសំឡេងគំាទ្រ ៥៦ទល់នឹង៤៣សំឡេង ខណៈព្រឹទ្ធសមាជិកមកពីគណបក្សប្រជាធិបតេយ្យភាគច្រើន បានបោះឆ្នោតជំទាស់ ដោយសារពួកគេនៅតែមានមន្ទិលសង្ស័យជុំវិញទំនាក់ទំនងរវាងរូបលោក ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ ជាងនេះទៅទៀតព្រឹទ្ធសមាជិកទាំងនេះ ក៏បានបង្ហាញពីគោលជំហរ ប្រឆាំងផងដែរនឹងបេក្ខភាពគណរដ្ឋមន្ត្រីជាច្រើនរូប របស់លោក ដូណាល់ ត្រាំ ជាពិសេនោះគឺការតែងតាំង អ្នកអភិរក្សនិយមលោក ណែល ហ្គ័គស៊ូស (Neil Gorsuch) ជាចៅក្រមតុលាការកំពូលតែម្ដង៕