(មូស្គូ)៖ ការធ្វើសមយុទ្ធយោធាលើកដំបូងក្នុងឆ្នាំ២០១៧ របស់អង្គការណាតូ ដើម្បីកំញើញរុស្ស៊ី បានចាប់ផ្ដើមហើយនៅថ្ងៃពុធនេះ។ ក៏ប៉ុន្តែទន្ទឹមគ្នានោះដែរ ទីក្រុង ម៉ូស្គូបានធ្វើការឃ្លំាមើល ក៏ដូចជាព្រមានចាត់វិធានការឆ្លើយតប នៅក្នុងករណីមានការគម្រាមកំហែងណាមួយដល់សន្តិសុខជាតិរបស់ខ្លួន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៧។
សមយុទ្ធយោធា Sea Shield 2017 នៅឯសមុទ្រខ្មៅមានការចូលរួមពីសំណាក់ប្រទេសអ៊ុយក្រែន និងសមាជិក០៧ ផ្សេងទៀតរបស់អង្គការណាតូ ដោយក្នុងនោះបើតាមកងម៉ារីនរូម៉ានី សមយុទ្ធយោធានេះមានរយៈពេល១០ថ្ងៃ និងមានយោធាចូលរួមជិត២៨០០នាក់ មកពីប្រទេសរូម៉ានី ប៊ុលហ្គារី ក្រិក តួកគី សហរដ្ឋអាមេរិក កាណាដា អេស្ប៉ាញ និងអ៊ុយក្រែន បូករួមទំាងនាវាចម្បាំង១៦គ្រឿង និងយន្ដហោះចម្បាំង១០គ្រឿងផងដែរ។
ជុំវិញការធ្វើសមយុទ្ធយោធានេះដែរ រដ្ឋមន្ត្រីការពារជាតិ រុស្ស៊ី លោក Sergueï Choïgou បានគូសបញ្ជាក់ថា៖ «ទីក្រុងម៉ូស្គូសង្ឃឹមថា ការធ្វើសមយុទ្ធ យោធានេះ នឹងត្រូវធ្វើឡើងនៅចំងាយសុវត្តិភាពពីរុស្ស៊ី ហើយវាក៏នឹងមិនបង្កជាផលប៉ះពាល់ណាមួយដល់សន្តិសុខរបស់យើងនោះដែរ បើពុំដូច្នោះទេ យើងនឹងចាត់វិធានការឆ្លើយតបទៅនឹងសកម្មភាពបង្ករឿងទាំងឡាយ»។
គួរបញ្ជាក់ថា សមយុទ្ធយោធា Sea Shield 2017 នឹងត្រូវប្រព្រឹត្តិទៅនៅឯតំបន់សមុទ្រខ្មៅក្នុងបរិវេណប្រមាណជា ៨០,០០០គីឡូម៉ែត្រក្រឡា ហើយវាត្រូវបានធ្វើឡើង នៅក្នុងបរិបទដែលអង្គការណាតូ និងរុស្ស៊ី កំពុងមានភាពតានតឹងនឹងគ្នា ពាក់ព័ន្ធនឹងការដាក់ពង្រាយយោធានៅតាមបណ្ដាប្រទេសអឺរ៉ុបខាងកើត៕