(ម៉ូស្គូ)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក ស៊ឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) បានលើកឡើងនៅថ្ងៃពុធនេះថា រុស្ស៊ីនៅតែស្វាគមន៍ជានិច្ចក្នុងការអញ្ជើញនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក ប៊ិចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) ព្រមទាំងប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាមូដ អាប្បាស់ (Mahmoud Abbas) ដើម្បីចូលតុពិភាក្សាគ្នានៅឯទីក្រុងម៉ូស្គូ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាល្ងាចថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៧។
ថ្លែងក្នុងសន្និសីទសារព័ត៌មានដែលប្រារព្ធឡើងនៅរដ្ឋធានី អាប៊ូ ដាប៊ី (Abu Dhabi) នៃប្រទេស អេមីរ៉ាត់ អារ៉ាប់រួម (United Arab Emirates) លោក លោក ស៊ឺហ្គៃ ឡារ៉ូវ បានបញ្ជាក់ថាប្រទេសរុស្ស៊ីសូមអរគុណចំពោះភាគីទាំងពីរ ដែលមានគោលការណ៍បានទទួលយកនូវការអញ្ជើញរបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូ។
គួរបញ្ជាក់ថាកាលរិច្ឆេទជាក់លាក់ពុំត្រូវបានបង្ហើបឲ្យដឹងនោះឡើយនាពេលនេះ បន្ទាប់ពីក្រសួងការបរទេសនៃប្រទេសរុស្ស៊ីបានធ្វើសេចក្តីប្រកាសជាលើកដំបូង កាលពីខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនេះ៕