(ម៉ូស្គូ)៖ ដោយសារតែពុំសូវមានមនុស្សរស់នៅច្រើន រដ្ឋាភិបាលរុស្ស៊ីបានជំរុញលើកទឹកចិត្តប្រជាជនរបស់ខ្លួនឲ្យទៅរស់នៅតំបន់ភាគកើតប្រទេសវិញ ដោយចាប់ពីថ្ងៃពុធនេះតទៅពលរដ្ឋរុស្ស៊ីទាំងអស់នឹងមានសិទ្ធិគ្រប់គ្រាន់ដើម្បីដាក់ពាក្យស្នើសុំយកដីធ្លីរហូតដល់ទំហំមួយហិកតានៃផ្ទៃដីទំនេរនៅឯតំបន់ភាគខាងកើតដ៏ធំល្វឹងល្វើយនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៧។
សព្វថ្ងៃប្រជាជនរុស្ស៊ីភាគច្រើនបានប្រមូលផ្តុំគ្នា រស់នៅភាគកណ្តាល និងជាពិសេសភាគខាងលិចប្រទេសតែម្តងជុំវិញទីក្រុងម៉ូស្គូ ដែលស្ថិតនៅក្បែរបណ្តាប្រទេសអឺរ៉ុប ហើយស្របពេលដែលប្រទេសទាំងនោះនៅតែបន្តដាក់ពង្រាយកងកម្លាំងយោធានៅតំបន់អឺរ៉ុបខាងកើត ជិតនឹងព្រំដែនរុស្ស៊ីនោះ រដ្ឋាភិបាលរុស្ស៊ីទំនងជាបានបង្កើតច្បាប់ថ្មីខាងលើ សំដៅទាក់ទាញឲ្យមានមនុស្សជាច្រើន ងាកទៅតាំងទីលំនៅនៅឯតំបន់ភាគកើតប្រទេសដែលមានលក្ខណៈដាច់ស្រយាលបន្តិចវិញ និងជួយរួមគ្នាអភិវឌ្ឍន៍តំបន់នោះឲ្យមានសក្តានុពលផងដែរ ព្រោះថាវាគឺជាទីតាំងភូមិសាស្រ្តដ៏ល្អមួយ ដែលមានព្រំប្រទល់ជាប់ចិន និងកូរ៉េខាងជើង ក៏ដូចជាជាជប៉ុននិងរដ្ឋអាឡាស្ការបស់អាមេរិកជាដើម។
គួរបញ្ជាក់ថាបើគិតពីចំនួនប្រជាជនប្រទេសរុស្ស៊ីស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ០៩លើពិភពលោកជាមួយចំនួនសរុបជាង ១៤៣.៥លាននាក់ ហើយយើងតាមស្ថិតិកាលពីឆ្នាំ២០១០ នៅតំបន់ភាគកើតដ៏ធំល្វឹងល្វើយជាទីបំផុតនេះមានមនុស្សរស់នៅ តែជាង០៦លាននាក់ប៉ុណ្ណោះដែលភាគច្រើនជាជនជាតិភាគតិចរុស្ស៊ី និងអ៊ុយក្រែន ហើយនាពេលនោះវាត្រូវបានគេព្យាករណ៍ថានឹងចំនួនប្រជាជនរស់នៅទីនោះ នឹងបន្តថយចុះបន្ថែមទៀតរហូតដល់ជាង០៤លាននាក់នៅឆ្នាំ២០១៥កន្លងទៅ ដែលប្រការនេះបានធ្វើតំបន់ភាគខាងកើតប្រទេសរុស្ស៊ីស្ថិតនៅក្នុងចំណោមតំបន់ដែលខ្សត់ប្រជាជនរស់នៅបំផុតនៅទូទាំងសកលលោក។
បន្ថែមពីលើការប្រកាសទាក់ទាញប្រជាជនឲ្យមករស់នៅភាគខាងកើតនេះ រុស្ស៊ីនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏បានរៀបចំមូលដ្ឋានយោធាច្រើនរួចមកហើយ នៅភាគខាងកើតប្រទេសដែលជាការពង្រីកវិសាលភាពយោធាថ្មីរបស់រុស្ស៊ី ដើម្បីការពារគ្រប់ទីតាំងទាំងអស់នៅក្នុងទឹកដីដ៏ធំបំផុតលើពិភពលោកមួយនេះ៕