(តេហេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រ៉ូហានី (Hassan Rohani) បានរិះគន់ ក៏ដូចជា​ច្រានចោល​នូវអ្វីដែល​លោកហៅថា ជានយោបាយថ្មីថ្មោង​របស់ លោក ដូណាល់ ត្រាំ ជុំវិញការ​ហាមឃាត់​ជាបណ្ដោះអាសន្ន​នូវ​ការធ្វើដំណើររបស់​ប្រជាជនអ៊ីរ៉ង់ និងប្រជាជន​មកពីបណ្ដាប្រទេស​មូស្លីមភាគច្រើន​ចំនួន០៦ ផ្សេងទៀតចូល​ក្នុងសហរដ្ឋអាមេរិក ហើយបើតាមលោក​ ប្រធានាធិបតីអាមេរិកថ្មី​រូបនេះ ត្រូវការ​ពេលវេលាយូរដើម្បី​រៀនសូត្រពីអ្វី​ដែលកំពុងកើតឡើង​នៅលើ​ពិភពលោក។ នេះបើតាមការ​​ចេញផ្សាយ​ដោយទីភ្នាក់ងារ​សារព័ត៌មាន Reuters​ នៅរសៀលថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៧។

ការលើកឡើងបែបនេះ​របស់លោក រ៉ូហានី ធ្វើឡើងនៅក្នុងសុន្ទរកថាមួយ​តាមកញ្ចក់ទូរទស្សន៍​រដ្ឋអ៊ីរ៉ង់ នៅថ្ងៃពុធនេះ។ លោកប្រធានាធិបតី​អ៊ីរ៉ង់ បានលើកឡើង​ដូច្នេះថា «សព្វថ្ងៃនេះ​មិនមែនជា​ពេលវេលា​បំបែកបំបាក់​មនុស្ស​នោះទេ។ គាត់ (លោកត្រាំ) ជាអ្នកនយោបាយ​ថ្មីសន្លាង ដែលហាក់​ដូចជារស់​នៅ​ក្នុងពិភព​មួយផ្សេងទៀត ពោលគឺគាត់កំពុងស្ថិត​នៅក្នុងបរិយាកាស​ថ្មី​ទំាងស្រុង ដូច្នេះវា​អាចនឹងត្រូវ​ចំណាយពេល​វេលាយូរ និងតម្លៃដ៏ច្រើន​សន្ធឹក​សន្ធាប់​សម្រាប់​សហរដ្ឋអាមេរិក ដើម្បីឱ្យ​គាត់អាចរៀនសូត្រ​ស្វែងយល់ពីអ្វី​ ដែលកំពុងកើត​ឡើងនៅលើ​ពិភពលោក»។  ​

គួររំលឹកថាកាលពីថ្ងៃសុក្រសប្ដាហ៍មុន លោក ដូណាល់ ត្រាំ បានចុះហត្ថលេខា​លើបទបញ្ជា​ប្រធានាធិបតី ស្ដីពី​ជនភៀសខ្លួន ដោយបាន​សម្រេចហាមឃាត់ជាបណ្ដោះអាសន្ននូវការធ្វើដំណើររបស់ប្រជាជន​មកពីប្រទេសម៉ូសី្លម​ចំនួន០៧ ដូចជា អ៊ីរ៉ង់, អ៊ីរ៉ាក់, លីប៊ី, សូម៉ាលី, ស៊ូដង់, ស៊ីរី, និងយ៉េមែន ចូលក្នុងសហរដ្ឋអាមេរិក រយៈពេល៩០ថ្ងៃ រីឯជនភៀសខ្លួនមកពីបណ្តាប្រទេសជាច្រើន ត្រូវបានហាមឃាត់ រយៈពេល១២០ថ្ងៃ និងសម្រាប់ជនភៀសខ្លួនស៊ីរីវិញ ត្រូវបានហាមឃាត់ដោយ គ្មានពេលកំណត់៕