(សាន់ហ្រ្វាន់ស៊ីស្កូ)៖ ក្រុមហ៊ុនលក់ទំនិញអនឡាញ អាម៉ាហ្សូន (Amazon.com Inc) គ្រោងធ្វើបោះទុនវិនិយោគប្រាក់ចំនួន ១.៤៩ពាន់លានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលសម្រាប់ការដឹកជញ្ជូនទំនិញផ្លូវអាកាសដ៏ធំសម្បើមមួយនៅភាគខាងជើងរដ្ឋខេនថាក់គី (Kentucky) សហរដ្ឋអាមេរិក ដែលប្រការនេះបានជំរុញឲ្យមានក្តីរំពឹងថាក្រុមហ៊ុន Amazon ប្រហែលជាថ្ងៃណាមួយ នឹងធ្វើការប្រកួតប្រជែងដោយផ្ទាល់ជាមួយនឹងក្រុមហ៊ុនដឹកជញ្ជូនធំៗរួមមាន FedEx Corp និង United Parcel Service Inc (UPS) ជាដើម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៧។
ក្រុមហ៊ុនលក់ទំនិញអនឡាញដ៏ធំជាងគេលើពិភពលោកមួយនេះបានព្រមព្រៀងគ្នាក្នុងការជួលផ្ទៃដីទំហំ ៣៦៤ហិកតានៃអាកាសយានដ្ឋានអន្តរជាតិ Cincinnati/Northern Kentucky ដែលមានទំហំធំមិនអន់ជាងមជ្ឈមណ្ឌលលក្ខណៈជាសកល របស់អាកាសចរណ៍ដឹកជញ្ជូនទំនិញដ៏ល្បីៗបំផុតប៉ុន្មាននោះឡើយ។ ជាមួយគ្នានេះដែរក្រុមហ៊ុន Amazon ដែលពុំទាន់បានប្រកាសអំពីកាលបរិច្ឆេទនៃការចាប់ផ្តើមប្រតិបត្តិការសម្រាប់មជ្ឈមណ្ឌលខាងលើនៅឡើយនោះទេ បានបញ្ជាក់ថាខ្លួនរំពឹងនឹងបង្កើតការងារបានមិនក្រោម ២,០០០កន្លែងឡើយនៅពេលកន្លែងនេះត្រូវបើកដំណើរការ។
គួរបញ្ជាក់ថាបច្ចុប្បន្នក្រុមហ៊ុន Amazon កំពុងតែងាកទៅធ្វើការដឹកទំនិញដោយប្រើប្រាស់មធ្យោយដឹកជញ្ជូនរបស់ខ្លួនឯងផ្ទាល់ ដែលធ្វើដូច្នេះក្រុមហ៊ុនអាចប្រគល់ទំនិញដល់ដៃអតិថិជនបានរហ័សទាន់ចិត្តជាងមុន ព្រមទាំងអាចកាត់បន្ថយការចំណាយ ក៏ដូចជាភាពមិនច្បាស់លាស់នានាពាក់ព័ន្ធនឹងការពឹងផ្អែកលើភាគីទីបី។ មួយវិញទៀត Amazon បាននិយាយថា ការបោះជំហាននេះត្រូវបានរចនាឡើងដើម្បីធ្វើជាការបំពេញបន្ថែម តែប៉ុណ្ណោះ មិនមែនដើម្បីចង់ជំនួសក្រុមហ៊ុនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសឡើយ ក៏ប៉ុន្តែអ្នកវិភាគជាច្រើនយល់ឃើញថាក្រុមហ៊ុនលក់ទំនិញ Amazon មានមហិច្ឆតាធំជាងនេះទៅទៀត៕