(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកថ្មី របស់លោក ដូណាល់ ត្រាំ ឬគេស្គាល់រហ័ស្សនាមថា «ឆ្កែឆ្កួត» ត្រូវបានគេរំពឹងថានឹងគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការធានាឱ្យបាននូវសន្តិសុខសម្រាប់សម្ព័ន្ធមិត្តដ៏សំខាន់ទាំងពីរគឺកូរ៉េខាងត្បូង និងជប៉ុនក្នុងឱកាសនៃការផ្ដើមបំពេញដំណើរទស្សនកិច្ច មកកាន់ទ្វីបអាស៊ីនៅសប្ដាហ៍នេះ ខណៈការព្រួយបារម្ភនៅក្នុងតំបន់កាន់តែកើនឡើងពាក់ព័ន្ធនឹង កម្មវិធីនុយក្លេអ៊ែរ-មីស៊ីលរបស់កូរ៉េខាងជើង ព្រមទាំងភាពតានតឹងជាមួយចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reutesr នៅរសៀលថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៧។
ការធ្វើដំណើរទស្សនកិច្ចរបស់ លោក ជែម ម៉ាធីស (James Mattis) មកកាន់ទ្វីបអាស៊ី អាចនិយាយបានថា ជាដំណើរទស្សនកិច្ចលើកដំបូងបំផុតចាប់តាំងពីលោក បានឡើងកាន់តំណែងជាមេដឹកនាំមន្ទីរបញ្ចកោណ ហើយវាត្រូវបានធ្វើឡើងនៅក្នុងបរិបទនៃភាពមិនច្បាស់នៃនយោបាយលោក ដូណាល់ ត្រាំ សម្រាប់តំបន់អាស៊ី ស្របពេលចិនចេះតែពង្រីកឥទ្ធិពលរបស់ខ្លួនកាន់តែខ្លាំងនៅក្នុងតំបន់ រីឯកូរ៉េខាងជើងចេះតែព្រមានឥតឈប់ឈរ ពីការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប។
ក៏ប៉ុន្តែអ្វីដែលលោក ម៉ាធីស ត្រូវបានគេរំពឹងថា នឹងធ្វើនៅពេលនេះ គឺការបង្ហាញការប្ដេជ្ញាចិត្តការពារ ជប៉ុននិងកូរ៉េខាងត្បូង ប្រឈមមុខនឹងការគំរាមកំហែងពីសំណាក់គ្រាប់មីស៊ីលកូរ៉េខាងជើង។ លោក ជែម ម៉ាធីស បានចាកចេញពីសហរដ្ឋអាមេរិកនៅថ្ងៃអង្គារ ដោយលោកនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង មុននឹងបន្តធ្វើដំណើរទៅកាន់ប្រទេសជប៉ុន នៅថ្ងៃទី០៣ ខែកុម្ភៈ។ ដោយឡែកបើតាមប្រភពព័ត៌មានមួយចំនួន រដ្ឋមន្ត្រីការពារជាតិអាមេរិកថ្មីរូបនេះ ក៏អាចនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសអ៊ីរ៉ាក់ ឬអាហ្វហ្គានីស្ថាន។
គួរបញ្ជាក់ថា បច្ចុប្បន្នលោក ដូណាល់ ត្រាំ កំពុងអនុវត្តតាមពាក្យសន្យាដ៏ចម្រូងចម្រាស់ ដែលលោកផ្ទាល់ធ្លាប់បានធ្វើនៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ក្នុង នោះគេក៏កំពុងរង់ចំាមើលដែរថា តើលោកនឹងតម្រូវឱ្យទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ ចេញថ្លៃចំណាយពាក់កណ្ដាលដល់កងទ័ពអាមេរិកដែរឬក៏យ៉ាងណា៕