(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេ បាននិយាយថាលោកបានបញ្ជាឲ្យស្ថាប័នប៉ូលិស ទាំងអស់បញ្ឈប់សង្គ្រាមគ្រឿងញៀន (ការបាញ់សម្លាប់ឧក្រិដ្ឋជន និងបង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀន) ជាបណ្តោះអាសន្ន ដោយសារតែលោកចង់យកពេលវេលាទៅធ្វើការបោសសម្អាត អំពើពុករលួយផ្ទៃក្នុងនៃស្ថាប័ននេះ ដែលបាននិងកំពុងរីករាលដាលខ្លាំងបំផុត។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន Channel News Asia នារសៀលថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៧។
ទោះបីជាការប្រកាសផ្អាកជាបណ្តោះអាសន្នត្រូវបានធ្វើឡើងក៏ដោយ ក៏ក្រុមអ្នកឃ្លាំមើលបានអះអាងថា មនុស្សយ៉ាងហោចណាស់ជាង ៦,០០០នាក់ ត្រូវបានសម្លាប់នៅក្នុងរយៈពេល០៧ខែ នៃការឡើងកាន់អំណាចរបស់លោក ឌូតើតេ ប៉ុន្តែសម្រាប់ស្ថាប័នយោធា និងទីភ្នាក់ងារបោសសម្អាតគ្រឿងញៀនវិញ នៅតែ អាចបន្តសកម្មភាពរបស់ពួកគេបាន ដែលស្ថិតក្រោមការឃ្លាំមើលរបស់ការិយាល័យប្រធានាធិបតី។
លោក ឌូតើតេ បានថ្លែងក្នុងវិមានប្រធានាធិបតីនៅថ្ងៃអង្គារ សប្តាហ៍នេះយ៉ាងដូច្នេះថា «ខ្ញុំបានបញ្ជាឲ្យមន្ត្រីប៉ូលិសទាំងអស់បញ្ឈប់ប្រតិបត្តិការរបស់ពួកគេ។ គ្រប់ទីកន្លែងនៅប្រទេសនេះ ប៉ូលិសមិនត្រូវបានអនុញ្ញាតឲ្យចេញប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀននោះឡើយ»។
គួរបញ្ជាក់ថាបទបញ្ជារបស់លោក ឌូតើតេ ខាងលើនេះបានកើតឡើងបន្ទាប់ពីមានពាក្យចោទប្រកាន់កាន់តែច្រើនឡើងថា មន្ត្រីប៉ូលិសមួយចំនួនបានឆ្លៀតឱកាសនៃសង្គ្រាមប្រឆាំងគ្រឿងញៀនដ៏ក្តៅគគុក ដើម្បីប្រើប្រាស់គ្រឿងញៀនដោយខ្លួនឯង រួចឈានទៅដល់ការប្រព្រឹត្តអំពើ សម្លាប់រង្គាល ចាប់ជម្រិត ឆក់ប្លន់ និងជម្រិតយកប្រាក់ជាដើម៕