(ប៉ារីស)៖ មេដឹកនាំគណបក្សស្ដាំនិយមបារាំង ដែលមានឈ្មោះថារណសិរ្សជាតិ (Front National) លោកស្រី ម៉ារីន ឡឺប៉ែន បាននិយាយថា លោកស្រីនឹងមិនបង់ប្រាក់ជាង ៣០០,០០០អឺរ៉ូ ឬស្មើ នឹង៣២១,០០០ដុល្លារអាមេរិក ទៅឱ្យសភាអឺរ៉ុបវិញនោះឡើយ សម្រាប់មូលនិធិដែលត្រូវបានសភាអឺរ៉ុប អះអាងថាលោកស្រីបានចំណាយមិនត្រឹមត្រូវនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមសភាអឺរ៉ុប លោកស្រី ឡឺប៉ែន បានប្រើប្រាស់មូលនិធិមិនត្រឹមត្រូវក្នុងការចំណាយទៅលើ ទីស្នាក់ការកណ្ដាលនៃគណបក្សរបស់លោកស្រីនៅទីក្រុងប៉ារីស ហើយទន្ទឹមគ្នានោះស្ថាប័នកំពូលអឺរ៉ុបមួយនេះ បានទុកពេលត្រឹមពាក់កណ្ដាលយប់ថ្ងៃអង្គារម្សិលមិញ (ម៉ោងនៅក្នុងទីក្រុងប៉ារីស) ឱ្យលោកស្រីបង់ប្រាក់ត្រឡប់មកវិញ បើពុំដូច្នោះទេប្រាក់ខែពាក់ណ្ដាលក្នុងនាមជាតំណាងរាស្ត្រអឺរ៉ុប នឹងត្រូវបង្កកទុក ហើយលោកស្រីក៏នឹងអាចបាត់បង់អត្ថប្រយោជន៍ជាច្រើនផ្សេងទៀតផងដែរ។ ទោះបីជាយ៉ាងនេះក្តី លោកស្រី ឡឺប៉ែន បានបដិសេធមិនបង់ប្រាក់ ដោយសំអាងថាខ្លួនគឺជាជនរងគ្រោះនយោបាយ។
គួរបញ្ជាក់ថា លោកស្រី ម៉ារីន ឡឺប៉ែន គឺជាបេក្ខភាពប្រធានាធិបតីម្នាក់ ដែលនឹងត្រូវចូលរួមក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំងនៅថ្ងៃខែមេសា និងខែឧសភាខាងមុខនេះ ខណៈឈ្មោះរបស់លោកស្រីត្រូវបានគេស្គាល់កាន់តែច្រើន ដោយសារតែវោហាស័ព្ទជាតិនិយម ជាពិសេសគឺការសន្យាយកបារាំងចេញពីសហភាពអឺរ៉ុប និង អង្គការ NATO បើសិនជាលោកស្រីជាប់ឆ្នោត៕