(ម៉ិចស៊ីកូ)៖ ទីបំផុតប្រធានាធិបតីអ៊ីស្រាអែល លោក Reuven Rivlin បានចេញមុខសូមអភ័យទោសពីប្រទេសម៉ិចស៊ីកូ ជំនួសឲ្យនាយករដ្ឋមន្ត្រីលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ ចំពោះជំហរអបអរសាទរផែនការកសាងជញ្ជាំងព្រំដែនរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានបង្ខំឲ្យប្រទេសម៉ិចស៊ីកូចេញលុយទាំងស្រុងនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិច នាព្រឹកថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៧។
នៅក្នុងកិច្ចសន្ទនារវាងលោក Reuven ជាមួយនឹងប្រធានាធិបតីម៉ិចស៊ីកូ លោក ផេណា នាតូ ប្រធានធិបតីអ៊ីស្រាអែលរូបនេះបានសូមអភ័យទោសចំពោះការបំផ្លាញទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយប្រទេសអ៊ីស្រាអែលប្តេជ្ញាស្តារទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនានាឡើងវិញ ដើម្បីបន្តមិត្តភាពដ៏យូរអង្វែងរវាងប្រទេសដែលធ្លាប់ជាមិត្តជិតស្និទ្ធនឹងគ្នានេះ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសម៉ិចស៊ីកូ នៅថ្ងៃអង្គារ (ម៉ោងនៅទីក្រុងម៉ិចស៊ីកូ)។
គួរបញ្ជាក់ថាប្រទេសម៉ិចស៊ីកូបានជំទាស់យ៉ាងដាច់ខាត ចំពោះការទះដៃអបអរសាទររបស់នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ ដែលជាការសម្តែងការគាំទ្រចំពោះគំរោងកសាងជញ្ជាំងព្រំដែន របស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកថ្មីនោះ។
ការជំទាស់យ៉ាងខ្លាំងក្លាខាងលើនេះ ធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសម៉ិចស៊ីកូ លោក Luis Videgaray ដោយរដ្ឋាភិបាលម៉ិចស៊ីកូ ថែមទាំងបាននិយាយថាទៀត «នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ណឺតាន់យ៉ាហ៊ូ គួរតែសូមទោសម៉ិចស៊ីកូ»។ ម៉ិចស៊ីកូបានប្រាប់រដ្ឋាភិបាអ៊ីស្រាអែល ឲ្យគិតគូរឡើងវិញជុំវិញជំហរគាំទ្រគំរោងរបស់អាមេរិកនេះ ពីព្រោះតែវាកំពុងតែបង្កបញ្ហាយ៉ាងខ្លាំងជុំវិញបញ្ហាព្រំដែន។
លោក Videgaray បានលើកឡើងយ៉ាងដូច្នេះថា «ម៉ិចស៊ីកូ គឺជាមិត្តជិតស្និទ្ធរបស់អ៊ីស្រាអែល ហើយការលើកឡើងរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលនោះ គឺជារឿងដែលគ្មានភាពទទួលខុសត្រូវឡើយ»។ គួរបញ្ជាក់ថាកាលពីចុងសប្តាហ៍មុន នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានសម្តែងការគាំទ្រចំពោះសេចក្តីសម្រេចរបស់លោក ដូណាល់ ត្រាំ ដែលចង់ធ្វើការកសាងជញ្ជាំងព្រំដែនជាមួយម៉ិចស៊ីកូ ដោយឲ្យប្រទេសនេះចេញលុយទាំងស្រុងដើម្បីទប់ស្កាត់បញ្ហានានា ដូចជាជនភៀសខ្លួន និងឧក្រិដ្ឋជនគ្រឿងញៀនជាដើម។
ប្រការនេះបានបង្កភាពក្តៅប្រហាយយ៉ាងខ្លាំងសម្រាប់ប្រទេសម៉ិចស៊ីកូ ដែលឈានដល់ថ្នាក់លុបចោលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីលោក ផេណា នាតូ ទៅកាន់អាមេរិកទៀតផង៕