(គូឡាឡាំពួរ)៖ នៅថ្ងៃណាមួយដែលក្រុម ISIS បាត់បង់ទឹកដី ឬបរាជ័យនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់​ ក្រុមសកម្មប្រយុទ្ធ​មួយនេះ នឹងបែកខ្ចាត់ខ្ចាយ ឬក៏រត់ភៀស​ខ្លួនទៅកាន់​បណ្ដាប្រទេសជា​ច្រើន​នៅ​ទូទាំងពិភពលោក ជាទី​ដែលពួកគេនឹង​សម្របខ្លួន​ទៅតាម​សង្គម មុននឹងធ្វើ​សកម្មភាព​វាយប្រហារ​ភេរវកម្មថ្មីទៀត។ នេះគឺជាការព្រមានរបស់អតីតមេបញ្ជាការប៉ូលិសប្រឆាំង​ភេរវកម្មតួកគី លោក Ahmet S. Yayla ដកស្រង់ដោយ​សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៧។

ថ្លែងនៅក្នុងសម្ភាសន៍មួយកាលពីសប្ដាហ៍មុន លោក Ahmet S. Yayla បានលើកឡើងដូច្នេះថា៖« ក្រុម ISIS​ កំពុងប្រឈមមុខនឹងការបាត់បង់ទីក្រុង Raqqa និង ទីក្រុង Mosul។ ក៏ប៉ុន្តែបើសិន​ជារឿងនេះ​កើតឡើង​ពិតមែន នោះការបង្ហូរឈាម​ក៏អាចនឹង​កើតឡើង​សាជាថ្មី​ផងដែរ ត្បិតក្រុម​សកម្មប្រយុទ្ធ​របស់ពួកគេ​នឹងត្រូវ​បែក​ខ្ចាត់ខ្ចាយ ឬក៏រត់ភៀសខ្លួន​នៅទូទាំង​ពិភពលោក ក៏ដូចជាធ្វើការ​សម្របខ្លួនទៅតាម​សង្គមដែលពួកគេ​រស់នៅ ដើម្បីដឹកនាំ​សកម្មភាព​វាយប្រហារ​ភេរវកម្មនៅ តាមបណ្ដា​ប្រទេសក្នុងទ្វីប​អាស៊ី និងអឺរ៉ុប។ ជាងនេះទៅទៀត បច្ចុប្បន្ន​អ្នកអាចទម្លាក់​គ្រាប់បែក​លើក្រុម ISIS ពីព្រោះ​អ្នកមើលឃើញ​ពួកគេ ក៏ប៉ុន្តែនៅ​ថ្ងៃណាមួយ ដែលក្រុមភេរវករអន្តរជាតិ​មួយនេះ​បាត់បង់ទឹកដី នោះអ្នកនឹង​មិនងាយស្រួល​ក្នុងការស្វែង​រកពួកគេ​ទៀតនោះទេ»

គួររំលឹកថា​កងកម្លាំងរដ្ឋាភិបាល​អ៊ីរ៉ាក់ បានដាក់​ចេញនូវប្រតិបត្តិការ​យោធាវាយ​យកទីក្រុង ​Mosul កាលពី​ខែតុលា ឆ្នាំ២០១៦ ហើយ​ព្រមពេលជា​មួយគ្នា​នោះដែរ មេដឹកនាំ ISIS លោក Abu Bakr al-Baghdadi ធ្លាប់បាន​ប្រកាសសងសឹក​នឹងបណ្ដាប្រទេស​លោក​ខាងលិច តាម​រយៈការ​អំពាវនាវឱ្យ​ក្រុមសកម្មប្រយុទ្ធ​របស់ខ្លួនដឹកនាំ​សកម្មភាពវាយប្រហារ​ភេរវកម្ម ដើម្បីប្រែក្លាយ​ទ្វីបអឺរ៉ុបទៅ​ជាថ្លុកឈាម៕