(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយមួយរបស់អាមេរិក​បានចេញផ្សាយថា ផលិតផលក្នុងស្រុក​ដែលមាន​គុណភាព​អន់របស់​កូរ៉េខាងជើង បានធ្វើឲ្យនយោបាយ​លើកស្ទួយទំនិញផលិតក្នុងស្រុកនោះបរាជ័យ ក៏ព្រោះតែវា​មិនអាចប្រកួត​ប្រជែងនឹងផលិតផល​នាំចូលបាន ជាពិសេសពីប្រទេសចិន។ នេះបើតាម​ការដកស្រង់ពី​សារព័ត៌មាន​យ៉ុនហាប់ នាព្រឹកថ្ងៃពុធ ទី០១ ខែមករា ឆ្នាំ២០១៧។

វិទ្យុអាស៊ីសេរី (RFA) បានដកស្រង់សម្តីពីប្រភពមួយក្នុងខេត្ត Japang ភាគខាងជើងប្រទេសកូរ៉េខាងជើង​ថា «ការជំរុញឲ្យមានការលក់ផលិតផលក្នុងស្រុកកើនឡើងនោះ បានធ្វើឲ្យរោងចក្រផលិតចំណីអាហារ និងគ្រឿងសម្ភារៈនានា រីកដុះដាលខ្លាំងឡើងនៅទូទាំងប្រទេស ជាពិសេសការដាំរុក្ខជាតិដែលអាចកែច្នៃ​ទៅជាផលិតផលសម្លៀកបំពាក់។ ក៏ប៉ុន្តែរោងចក្រមួយចំនួន​ដែលផលិតចេញហើយមានការលក់តិចតួច​នូវផលិតផល​​របស់​ខ្លួននោះ បានបង្ខំចិត្តផ្លាស់ប្តូរគំរោង»

ផលិតផលមួយចំនួនដូចជាសំលៀកបំពាក់ និងផលិតផលប្រើប្រាស់ដទៃៗទៀត បានផលិតចេញនៅក្នុងស្រុក​រួចលក់នៅលើទីផ្សារនៅក្នុងតម្លៃដូចគ្នានឹង ផលិតផលដែលនាំចូលពីប្រទេសចិន ប៉ុន្តែបើនិយាយ​ពីគុណភាព​វិញ​គឺខុសគ្នាដាច់ឆ្ងាយ​តែម្តង។ បន្ថែមពីនេះ​ការពឹងផ្អែកផលិតផល​ភាគច្រើនទៅលើ​ប្រទេសចិននោះ វាក៏​កំពុងតែ​ធ្វើឲ្យកូរ៉េខាងជើង​ពិបាកងើបចេញផងដែរ ព្រោះផលិត​ដែលខ្លួនបានព្យាយាម​ផលិតចេញមក គឺមាន​តែបរិមាណ​តែអត់គុណភាព​ប្រកួតប្រជែង។

ប្រភពមួយចំនួនទៀតបានលើកឡើងថា ផលិតផលចំណីអាហារខ្លះមិនបានដាក់កាលបរិច្ឆេទផុតកំណត់​នោះទេ ក៏ព្រោះតែដើម្បីបង្ការក្រែងទុកយូរលក់មិនដាច់ ឬសម្រាប់ទុកលក់រយៈពេលយូរតែម្តង។ គួរបញ្ជាក់​ថាកាលពីដើមឆ្នាំ២០១៥ លោក គីម ជុងអ៊ុន បានអំពាវនាវឲ្យក្រុមហ៊ុន និងរោងចក្រនានានៅទូទាំងប្រទេស​បង្កើតការផលិតផលិតផលនានា​សម្រាប់ប្រើប្រាស់ និងចំណីអាហារប្រកប​ដោយគុណភាព ដែលជាគោល​ដៅសម្រាប់ហែលឆ្ពោះទៅកាន់ការនាំចេញថែមទៀតផង ក៏ប៉ុន្តែរហូតមកដល់ពេលនេះ លទ្ធផលមិនបានគាប់ប្រសើរ​នោះឡើយ៕