(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសមាជិកមកពីគណបក្សប្រជាធិបតេយ្យ បានធ្វើពហិការក៏ដូចជាពន្យាពេលលើការបោះឆ្នោតទទួលស្គាល់ មន្ត្រីខុទ្ទកាល័យជាច្រើននាក់ របស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ក្នុងនោះរួមមានទាំងអគ្គរដ្ឋអាជ្ញាថ្មី លោក Jeff Sessions ដោយអះអាងថា ការតែងតាំងអ្នកទាំងនេះគួរតែត្រូវបានបញ្ជាក់យ៉ាងស៊ីជំរៅជាមុនសិន ខណៈខាងគណបក្សសាធារណរដ្ឋ បានចោទប្រកាន់ថា ការសម្រេចចិត្តពន្យាពេលបោះឆ្នោត គឺមិនមានហេតុផលសមរម្យទាល់តែសោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៧។
នៅថ្ងៃអង្គារសប្តាហ៍នេះ ព្រឹទ្ធសមាជិកមកពីគណបក្សប្រជាធិបតេយ្យ បានសម្រេចចិត្តពន្យាពេលរហូតដល់ថ្ងៃពុធ លើការបោះឆ្នោតទទួលស្គាល់លោក Jeff Sessions ជាអគ្គរដ្ឋអាជ្ញាថ្មី (រដ្ឋមន្រ្តីក្រសួងយុត្តិធម៌) ដែលត្រូវបានលោក ដូណាល់ ត្រាំ តែងតំាងភ្លាមៗ បន្ទាប់ពីលោកបានបណ្ដេញអគ្គរដ្ឋអាជ្ញាស្ដីទី លោកស្រី Sally Yates ចេញពីតំណែងដោយសារតែរឿងប្រឆាំងការអនុវត្តតាមបទបញ្ជាប្រធានាធិបតីស្ដីពីជនភៀសខ្លួន និងការហាមឃាត់ប្រជាជនមកពីប្រទេស អ្នកកាន់សាសនាអ៊ីស្លាមភាគច្រើនចំនួន០៧ ចូលក្នុងសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថាគណបក្សប្រជាធិបតេយ្យ ក៏បានធ្វើពហិការចូលរួមក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការហិរញ្ញវត្ថុព្រឹទ្ធសភាផងដែរ ជាទីដែលពួកគេត្រូវបានបោះឆ្នោតគាំទ្រ លោក Steve Mnuchin ជារដ្ឋមន្ត្រីរតនាគារជាតិ និងលោក Tom Price ជារដ្ឋមន្ត្រីសុខាភិបាលអាមេរិក៕