(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើសេចក្តីប្រកាសនៅចំពោះមុខក្រុមអ្នកសារព័ត៌មានថា រូបលោកបានជ្រើសរើសយកលោក នាល ហ្គរសុច (Neil Gorsuch) ឲ្យធ្វើជាបេក្ខភាពសម្រាប់តំណែងជាប្រធានតុលាការកំពូលរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៧។
ការសម្រេចចិត្តជ្រើសរើសយកចៅក្រមសាលាឧទ្ធរណ៍សហព័ន្ធ ដែលមានវ័យ៤៩ឆ្នាំនេះ គឺលោកប្រធានាធិបតីអាមេរិកសង្ឃឹមថា នឹងអាចស្តារឲ្យអភិរក្សនិយមមតិភាគច្រើនឡើងវិញនៅក្នុងតុលាការកំពូល និងជួយរៀបចំក្បួនច្បាប់ដើម្បីស្តីពីបញ្ហាដ៏សំខាន់ៗរួមមាន ការរំលូតកូន ការគ្រប់គ្រងការប្រើប្រាស់អាវុធនៅក្នុងប្រទេស ការកាត់ទោសប្រហារជីវិត និងសិទ្ធិសាសនាជាដើម។
គួរបញ្ជាក់ថាលោក Neil Gorsuch គឺជាបេក្ខជនដែលមានអាយុតិចជាងគេបំផុតសម្រាប់តំណែងប្រធានតុលាការកំពូលរបស់សហរដ្ឋអាមេរិក នៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ហើយលោកដូណាល់ ត្រាំ សង្ឃឹមថាក្រុមបក្សប្រជាធិបតេយ្យ និងក្រុមបក្សសាធារណរដ្ឋអាចមូលគំនិតគ្នាលើការសម្រេចចិត្តជ្រើសរើសនេះ ដើម្បីតែផលប្រយោជន៍ល្អរបស់ប្រទេសជាតិ៕