(ម៉ានីល)៖ អង្គការលើកលែងទោសអន្តរជាតិ «Amnesty International» ផ្អែកលើរបាយការណ៍ស៊ើបអង្កេតរបស់ខ្លួនបានឲ្យដឹងថា ប៉ូលិសហ្វីលីពីនទំនងជាបានប្រព្រឹត្តបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ តាមរយៈការសម្លាប់ជនសង្ស័យជួញដូរ ឬប្រើប្រាស់គ្រឿងញៀនរាប់ពាន់នាក់ នៅក្នុងក្របខ័ណ្ឌនៃសង្រ្គាម ប្រឆាំងគ្រឿងញៀនរបស់ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេ។ នេះបើតាមការដកស្រង់សម្ដីដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមរបាយការណ៍ដដែល Amnesty International ក៏បានបញ្ជាក់ផងដែរពីបទឧក្រិដ្ឋផ្សេងទៀត របស់ប៉ូលិសហ្វីលីពីន ជុំវិញការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ ដែលមានគោលដៅជាចម្បងទៅលើជនក្រីក្រ។ ដោយឡែកជុំវិញបញ្ហានេះដែរ ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP មន្ត្រីជាន់ខ្ពស់ នៃអង្គការអន្តរជាតិមួយនេះ លោក Rawya Rageh បានគូសបញ្ជាក់ថា «ប៉ូលិសហ្វីលីពីន និងឃាតករមួយចំនួនបានដាក់គោលដៅទៅលើអ្នកជាប់សង្ស័យថាបានប្រើប្រាស់ ឬក៏ជួញដូរគ្រឿងញៀន»។ បន្ថែមពីនេះទៀតបើតាមការស៊ើបអង្កេតរបស់អង្គការខាងលើ ចរន្ដនៃការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ ត្រូវបានប្រព្រឹត្តឡើងដោយឆន្ទៈ និងមានលក្ខណៈជាប្រព័ន្ធ ព្រមទាំងអាចមានផងដែរនូវការប្រព្រឹត្តបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
គួរបញ្ជាក់ថាក្នុងរយៈពេលជាង៧ខែ នៃការឡើងកាន់តំណែងរបស់លោក ឌូតើតេ មនុស្សប្រមាណ ២,៥៥៥នាក់ហើយត្រូវបានសម្លាប់ (របាយការណ៍ពីប៉ូលិសហ្វីលីពីន) ខណៈអង្គការសង្គមស៊ីវិលជាច្រើនធ្លាប់បានរាយការណ៍ថា មនុស្សជិត៤,០០០នាក់ឯណោះបានស្លាប់ដោយគ្មានការបកស្រាយ ក្នុងសង្រ្គាមប្រយុទ្ធប្រឆាំងគ្រឿងញៀននៅហ្វីលីពីន ចាប់តាំងពីចុងខែមិថុនា ឆ្នាំ២០១៦៕