(ស៊ីរី)៖ អ្នកប្រយុទ្ធជាជនជាតិអង់គ្លេសម្នាក់ឈ្មោះ Ryan Lock បានសម្រេចចិត្តបាញ់សម្លាប់ខ្លួនឯង ដើម្បីជៀសវាងក្លាយជាអ្នកទោសរបស់ក្រុម ISIS។ នេះបើតាមសម្តីរបស់សមាជិកក្រុមឧទ្ទាមឃើដ ដកស្រង់ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៧។
Ryan Lock មានអាយុ២០ឆ្នាំ មកពីទីក្រុង Chichester នៃតំបន់ West Sussex ប្រទេសអង់គ្លេស បានស្លាប់កាលពីថ្ងៃទី២១ ខែធ្នូ កន្លងទៅនៅក្នុងអំឡុងការវាយប្រយុទ្ធគ្នាជាមួយក្រុម ISIS នៅក្នុងទីក្រុង Raqqa ប្រទេសស៊ីរី។ យោងតាមក្រុមឧទ្ទាមឃើដ YGP យុវជន Ryan Lock គឺជាអ្នកប្រយុទ្ធស្ម័គ្រចិត្ត របស់ខ្លួនដែលបានបាញ់សម្លាប់ខ្លួនឯង ខណៈរូបគេនិងអ្នកប្រយុទ្ធ០៤នាក់ផ្សេងទៀតត្រូវបានក្រុម ISIS ឡោមព័ទ្ធនៅក្នុងភូមិ Ja'bar ក៏ប៉ុន្តែពួកគេនៅតែតស៊ូប្រយុទ្ធរហូតដល់ស្លាប់។
ក្រុមឧទ្ទាមឃើដ YGP បានបន្ថែមទៀតថា ផ្អែកលើការត្រួតពិនិត្យ Ryan Lock ត្រូវបានគេរកឃើញស្នាមគ្រាប់កាំភ្លើងនៅក្រោមចង្កា ដែលនេះធ្វើក្រុមអ្នកជំនាញសន្និដ្ឋានថា អ្នកប្រយុទ្ធរូបនេះបានបាញ់សម្លាប់ខ្លួនឯង ដើម្បីកុំឱ្យក្រុម ISIS ចាប់ខ្លួន។
គួរបញ្ជាក់ថា ជុំវិញវិបត្តិនៅស៊ីរីនេះដែរ បេសកជនពិសេសអង្គការសប្រហជាជាតិ លោក Staffan de Mistura បានឱ្យដឹងថា កិច្ចចរចាសន្តិភាពស្ដីពីស៊ីរី ត្រូវបានពន្យាពេលរហូតដល់ថ្ងៃទី២០ ខែកុម្ភៈ ក្នុងគោលបំណងទុកពេលវេលាឱ្យក្រុមប្រឆាំងស៊ីរី រកចំណុចឯកភាពគ្នាជាមុនសិន ស្របពេលមនុស្សប្រមាណ ៣១០,០០០នាក់ហើយបានបាត់បង់ជីវិតនៅក្នុងសង្រ្កាមស៊ីរី ដែលមិនដឹងថាពេលណាត្រូវបញ្ចប់៕