(ឡុងដ៏)៖ ក្រុមអ្នកតំណារាស្ត្រអង់គ្លេស បានព្រមព្រៀងគ្នាជាឯកច្ឆ័ន បន្ទាប់ពីមានការជជែកដេញជាបន្ទាន់មួយ ដោយអំពាវនាវឱ្យប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ លុបចោលការហាមឃាត់ជនភៀសខ្លួន និងប្រជាជនមូស្លីមមកពីប្រទេសចំនួន៧ ដូចជា អ៊ីរ៉ង់, អ៊ីរ៉ាក់, លីប៊ី, សូម៉ាលី, ស៊ូដង់, ស៊ីរី, និងយ៉េមែន មិនឱ្យចូលទឹកដីសហរដ្ឋអាមេរិក នេះបើតាមការចេញផ្សាយដោយសារព័ត៌មានស៊ិនហួរ នៅយប់ថ្ងៃអង្គារ៍ ទី៣១ ខែមករា ឆ្នាំ២០១៧។
នៅខណៈពេលជជែកដេញដោលរយៈពេល៣ម៉ោងនៅឯវិមាន Westminster ក្រុមបាតុកររាប់ពាន់នាក់ ប្រមូលផ្ដុំគ្នានៅតាមដងវិថី Downing Street ដើម្បីអំពានាវដល់រដ្ឋាភិបាលអង់គ្លេស លុបចោលការអញ្ជើញលោក ដូណាល់ ត្រាំ ក្នុងការបំពេញទស្សនកិច្ចមកកាន់ប្រទេសអង់គ្លេស។ ចំណែកឯ ក្រុមបាតុកររាប់ពាន់នាក់ផ្សេងទៀត ក៏បានប្រមូលផ្ដុំគ្នាធ្វើការតវ៉ាផងដែរ នៅក្នុងទីក្រុងចំនួន៣៥ ទូទាំងប្រទេសអង់គ្លេស ក្នុងនោះរួម មានទីក្រុង Manchester, Liverpool, Newcastle, Sheffield និងទីក្រុង Oxford ជាដើម។
គួរបញ្ជាក់ថា ប្រជាជនអង់គ្លេសច្រើនជាង ១.៥លាននាក់ បានចុះហត្ថលេខាលើញ្ញតិ្តមួយផ្ញើទៅកាន់រដ្ឋសភា ដោយពួកគេអះអាងថា ប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ មិនគួរត្រូវបានអញ្ជើញមកបំពេញដំណើរទស្សនកិច្ចក្នុងប្រទេសអង់គ្លេសនោះទេ ត្បិតវាអាចនឹងបង្កភាពអាម៉ាស់ដល់ម្ចាស់ក្សត្រី Elizabeth II៕