(សេអ៊ូល)៖ អតីតអគ្គលេធិការនៃអង្គការសហប្រជាជាតិលោក បាន គីមូន ដែលបានវិលត្រឡប់មកកាន់មាតុប្រទេសវិញកាលពីថ្ងៃទី១២ ខែមករាកន្លងទៅ នៅថ្ងៃអង្គារនេះបានដាក់សំណើឲ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ នៅមុខពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតីកូរ៉េខាងត្បូង ដែលត្រូវបានរំពឹងថានឹងប្រព្រឹត្តទៅឆាប់រហ័សជាងការគ្រោងទុក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅមុននេះបន្តិចនាល្ងាចថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០១៧។
លោក បាន គីមូន បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នៅឯការិយាល័យរបស់លោកក្នុងទីក្រុងសេអ៊ូលថា រូបលោកជំរុញឲ្យមានការត្រួតពិនិត្យមើលរដ្ឋធម្មនុញ្ញឡើងវិញ នៅមុនការបោះឆ្នោតប្រារព្ធឡើង តាមរយៈការបង្កើតក្រុមប្រឹក្សាពិសេសមួយ ដែលមានសមាសភាពចូលរួមពីអ្នកតំណាងនៃគណបក្សនយោបាយទាំងអស់។
អតីតប្រមុខដឹកនាំកំពូលយូអិនរូបនេះបានប្រាប់ក្រុមអ្នកកាសែតថា រចនាសម្ព័ន្ធនៃការកាន់កាប់អំណាចសព្វថ្ងៃដែលផ្តល់សិទ្ធិឲ្យប្រធានាធិបតីប្រើប្រាស់អំណាចដូចអធិរាជនោះ គួរតែត្រូវផ្លាស់ប្តូរដោយការធ្វើវិសោធនកម្មទៅលើរដ្ឋធម្មនុញ្ញ ហើយលោកបានស្នើឲ្យមានការលុបបំបាត់ចោលនូវអាណត្តិប្រធានាធិបតីរយៈពេលប្រាំឆ្នាំដែលកាន់អំណាចបានតែម្តងគត់។ លោក បាន គីមូន បានបន្ថែមទៀតថាប្រព័ន្ធអំណាចប្រធានាធិបតីបែបវិមជ្ឈការគឺជាការចង់បានរបស់ប្រជាជនកូរ៉េខាងត្បូង។
គួរបញ្ជាក់ថាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅមុនការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីត្រូវបានគេយល់ឃើញថា គឺជារឿងមួយដែលសឹងតែមិនអាចទៅរួចដោយសារតែកង្វះពេលវេលាគ្រប់គ្រាន់ ត្បិតអីការបោះឆ្នោតដើម្បីជ្រើសរើសអ្នកមកជំនួសតំណែងលោកស្រី ផាក គឺនហេ ដែលត្រូវបានសភាបោះឆ្នោតទម្លាក់ ត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនៅចុងខែមេសា ឬមួយក៏ក្នុងខែឧសភា បើសិនជាតុលាការរដ្ឋធម្មនុញ្ញ កូរ៉េខាងត្បូងគាំទ្រការសម្រេចចិត្តរបស់សភា៕