(ម៉ូស្គូ)៖ កងឧទ្ធម្ភាគចក្រចម្បាំងធុន Mi-24 របស់ប្រទេសរុស្ស៊ីដែលមកពីមូលដ្ឋានទ័ពអាកាស Tolmachevo បានធ្វើសមយុទ្ធយោធាតាមផ្លូវអាកាស នៅវាលហ្វឹកហ្វឺនក្នុងតំបន់ Novosibirsk ភាគកណ្តាលប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០១៧។
យោងតាមអ្នកនាំពាក្យទីបញ្ជាការយោធាភាគកណ្តាលរបស់ប្រទេសរុស្ស៊ី ការធ្វើសមយុទ្ធខាងលើបានប្រព្រឹត្តទៅដោយជោគជ័យ និងប្រកបដោយប្រសិទ្ធភាពបំផុត ដោយក្រុមអាកាសយានិកបានបញ្ជាឧទ្ធម្ភាគចក្ររបស់ពួកគេយ៉ាងស្ទាត់ជំនាញ និងបានធ្វើការវាយលុកចំគោលដៅច្បាស់ៗ គ្មានខុសអ្វីបន្តិចនោះឡើយ។
ក្រៅពីនេះកងឧទ្ធម្ភាគចក្រចម្បាំងរុស្ស៊ីធុន Mi-24 ដ៏មានអនុភាពបានធ្វើការហ្វឹកហ្វាត់ចុះចតក៏ដូចជាហោះឆ្លបយកការណ៍ព្រមទាំង និងធ្វើជាអ្នកគាំទ្រកងអង្គភាពយានយន្តពីលើផ្ទៃអាកាស បានយ៉ាងរលូនថែមទៀតផង។ គួរបញ្ជាក់ថាសមយុទ្ធថ្មីនេះមានការចូលរួមពីសំណាក់ឧទ្ធម្ភាគចក្រចំនួន១០គ្រឿង និងមនុស្សចំនួនជិត៥០នាក់។ សមយុទ្ធនានានៅតែបន្តធ្វើឡើង ដោយសារតែបណ្តាប្រទេសនៅអឺរ៉ុប នៅតែបន្តការដាក់ពង្រាយកងទ័ពក្បែរព្រំដែនរុស្ស៊ីនៅឡើយ៕