(ម៉ានីល)៖ អគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសហ្វីលីពីន បានច្រានចោលការចោទប្រកាន់របស់ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូតើតេ ដែលថាកងទ័ពអាមេរិកបានសាងសង់ ឃ្លាំងអាវុធក្នុងមូលដ្ឋានទ័ពចំនួន០៥ នៅលើទឹកដីហ្វីលីពីន ដោយរំលោភលើកិច្ចព្រមព្រៀងយោធាអាមេរិក-ហ្វីលីពីន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០១៧។
លោក ឌូតើតេ កាលពីថ្ងៃអាទិត្យកន្លងទៅបាននិយាយដោយឥតលាក់លៀមថា សហរដ្ឋអាមេរិកបានស្ដុកទុកសព្វាវុធជាច្រើន ក្នុងរួមមានទាំងរថក្រោះផងដែរនៅឯតំបន់ចំនួន០៣នៅក្នុងប្រទេសហ្វីលីពីន ដែលនេះអាចនឹងធ្វើឱ្យចិនក្ដៅក្រហាយ ក៏ដូចជានាំប្រទេសរបស់លោកធ្លាក់ចូលក្នុងរណ្ដៅគ្រោះថ្នាក់ ហើយលោកប្រធានាធិបតីរូបនេះ ក៏បានព្រមានជាថ្មីម្ដងទៀតផងដែរថា នឹងលុបចោលកិច្ចព្រមព្រៀងយោធារវាងប្រទេសទាំងពីរ។
អគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងម៉ានីល លោក ស៊ុង គីម (Sung Kim) បានច្រានចោលចំពោះការចោទប្រកាន់នេះ។ លោក គីម បានលើកឡើងនៅក្នុងវេទិកាពាណិជ្ជកម្ម Makati Business Club នៅថ្ងៃអង្គារនេះ ដូច្នេះថា «យើងមិនបានសាងសង់ឃ្លាំង ឬក៏ស្ដុកអាវុធនៅលើទឹកដីហ្វីលីពីននោះទេ (...) ពោលគឺសហរដ្ឋអាមេរិកមិនអាចកសាងឃ្លាំងអាវុធ ដោយគ្មានការយល់ព្រមពីរដ្ឋាភិបាលហ្វីលីពីនបាននោះឡើយ។ ជាងនេះទៅទៀតការកសាងទាំងឡាយ ក៏មិនមានជាប់ពាក់ព័ន្ធនឹងអាវុធដែរ តែដើម្បីរក្សាទុកសម្ភារៈសម្រាប់ឆ្លើយតបទៅនឹងគ្រោះមហន្តរាយប៉ុណ្ណោះ »។
គួរបញ្ជាក់ថាប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេ ធ្លាប់បាននិយាយថាលោកពិតជាស្អប់ ដែលកងទ័ពអាមេរិកមានវត្តមាននៅលើទឹកដីហ្វីលីពីន ស្របពេលដែលលោកបានបង្ហាញពីទំនោរងាកទៅចិនកាន់តែខ្លាំង បើទោះជាប្រទេសទាំងពីរកំពុងមានជម្លោះដែនទឹក នៅតំបន់សមុទ្រចិនខាងត្បូងក៏ដោយ៕