(គូឡាឡាំពួរ)៖​ ភ្ញៀវទេសចរជនជាតិចិន​ឈ្មោះ Fan Li Xia និងអ្នកដំណើរ​ដទៃៗទៀតបាន​ធ្វើការរៀបរាប់​ឲ្យដឹងពីស្ថានភាព​​ក្រោយពេល​​ដែល​ទូក​ទេសចរណ៍​របស់ពួកគេ​ បានលិច​នៅកណ្តាលសមុទ្រ​ចិនខាងត្បូង​ដ៏ត្រជាក់។ នេះបើតាមការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅមុននេះ​បន្តិចនារសៀល​ថ្ងៃអង្គារ​ ទី៣១ ខែមករា ឆ្នាំ២០១៧។

យោងតាមអ្នកនាង Fan Li Xia មុនពេលត្រូវ​បានជួយសង្រ្គោះ​​ក្រុម​អ្នក​ធ្វើ​ដំណើរ​​នៅ​លើ​​ទូក​ទេសចរណ៍​​ខាង​លើ​​ដែល​បាន​លិច​ដោយសារ​ត្រូវ​ចរន្ត​ទឹក​សមុទ្របោកបក់ ហើយបាន​ស្ថិតនៅក្នុងផ្ទៃទឹក​ដ៏ត្រជាក់ជាមួយ​និងស្ថានភាព​លំបាកលំបិន​ជាខ្លាំង អស់រយៈពេលជាង៣០ម៉ោង។ ប្រាប់ទៅ​កាន់ក្រុមអ្នក​សារព័ត៌មាន​នៅឯមន្ទីរពេទ្យ​មួយកន្លែង​ក្នុងទីក្រុង Kota Kinabalu នៃរដ្ឋ Sabah លើកោះ Borneo ប្រទេសម៉ាឡេស៊ី អ្នកនាង Fan ​បាននិយាយថា «បើសិនជាពួកយើងត្រូវ​បានគេរកឃើញ​ និងជួយសង្រ្គោះ ហើយបើ​យឺតជាងនេះ​តែបន្តិច ខ្ញុំមិនគិតខ្ញុំនឹងនៅមានជីវិតរស់នោះឡើយ។ មិត្តភក្តិរបស់ខ្ញុំបានបាត់បង់ជីវិត ហើយពួក​យើងបានមើល​រក្សាសាកសព​របស់គេ​ នៅក្បែរជាប់ជានិច្ច​អស់រយៈពេល​កន្លះថ្ងៃ ប៉ុន្តែដោយសារ​ពួកយើង​មិនអាចស៊ូទ្រាំតទៀត​បាន ក៏សម្រេចចិត្ត​ព្រលែងសាកសព​នោះចោលតែម្តងទៅ»

អ្នករួមដំណើរដែល​នៅមានជីវិត​ម្នាក់ទៀតឈ្មោះ Yang Yaoru ក៏បានឲ្យដឹងដែរ​ថា​ ឆន្ទៈសាមគ្គីគ្នា​របស់ពួកគេ​បានជួយ​ពួកគេអត់ធន់​នឹង​ផ្ទៃ​ទឹក​សមុទ្រដ៏ត្រជាក់។ ពួកគេបាន​ចែករំលែកអាហារ​ដ៏តិច​តួច​ស្តួច​ស្តើង​ដែលពួកគេ​មាន និងបានជំរុញ​លើកចិត្តគ្នា​ទៅវិញទៅមក ដើម្បី​ធ្វើ​យ៉ាង​ណាឲ្យនៅរស់រាន​មានជីវិត។
អ្នកនាង Yang ដែលបានធ្វើដំណើរ​កម្សាន្តជាមួយម្តាយ បានបន្ថែម​ទៀតថា អ្នកដែលរួចជិវិតទាំងប៉ុន្មាន​បានផ្តុំ​អោបគ្នា​ដើម្បីតស៊ូ​នឹងធាតុត្រជាក់ និងមាន​ក្តីព្រួយបារម្ភ​ចំពោះម្តាយ​ជាខ្លាំងព្រោះគាត់​មិនសូវចេះហែលទឹក​នោះឡើយ ដោយអ្នកនាង​បាននិយាយថា «បើសិន​ជា​ខ្ញុំស្លាប់ ម្តាយរបស់​ខ្ញុំប្រហែលមិនអាច​ពុះពារឲ្យរួចជីវិត​ដោយខ្លួនឯង​បាននោះឡើយ»

គួរបញ្ជាក់ថា​ទូកទេសចរណ៍​មួយគ្រឿង​ផ្ទុកអ្នកទេសចរជនជាតិចិនចំនួន​២៧នាក់ និងអ្នកបម្រើការលើទូកក៏​ដូច​ជា​អ្នក​បើកបរ​ចំនួន​បីនាក់​​ទៀត​ ដើម្បីធ្វើដំណើរកម្សាន្ត​នៅក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីចិននោះ បានលិច​កាលពីព្រឹកថ្ងៃសៅរ៍​សប្តាហ៍មុននេះ​ នៅក្បែរឆ្នេរសមុទ្រ​នៃកោះ Borneo បន្ទាប់ពី​បានជួបប្រទះ​នូវរលកបោកបក់ធំៗ ខណៈកំពុងឆ្ពោះ​ទៅកាន់កោះលំហែ​កាយ Mengalum ដ៏មាន​ប្រជាប្រិយរបស់​​ប្រទេស​ម៉ាឡេស៊ី។

ក្រោយមកនៅ​ថ្ងៃអាទិត្យសប្តាហ៍​ដដែល​ភ្ញៀវទេសចរ​ចំនួនបីនាក់ ត្រូវគេរកឃើញថា​បានស្លាប់​ស្របពេល​ដែលមនុស្ស​ចំនួន​២២នាក់​ រួមបញ្ចូល​ទាំង​អ្នកបើកបរ​ត្រូវបាន​ជួយសង្រ្គោះ​ដោយក្រុម​អ្នកនេសាទ​និងនាវាសន្តោង ដោយពួកគេ​ភាគច្រើន​មានហូរឈាម​ចេញមក និង​រង​ការ​​រលាក​កម្តៅ​ថ្ងៃ​ធ្ងន់​ធ្ងរ​យ៉ាងខ្លាំង ហើយ​មកទល់​រសៀលថ្ងៃអង្គារនេះ​ នាវាយោធា​និងយន្តហោះ​របស់ប្រទេស​ម៉ាឡេស៊ី កំពុងតែ​បន្ត​ឆ្វែលដែន​សមុទ្រ​កើតហេតុ​ ដើម្បីស្វែង​រកមនុស្ស​ចំនួនប្រាំនាក់​ផ្សេងទៀត​រួមមានភ្ញៀវទេសចរ​បួននាក់​ និងអ្នកបម្រើ​ការលើ​ទូកទេសច​រ​ខាង​លើ​ម្នាក់ ដែល​​នៅ​តែបន្ត​បាត់​​ខ្លួនពុំទាន់ត្រូវបាន​រកឃើញ​នៅឡើយ៕