(វ៉ាស៊ីនតោន)៖ បទបញ្ជារបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលបានហាមឃាត់ជាបណ្ដោះអាសន្នសម្រាប់ជនភៀសខ្លួន និងប្រជាជនមកពីបណ្ដាប្រទេសអ្នកកាន់សាសនាអ៊ីស្លាមភាគច្រើនចំនួន០៧ មិនឱ្យចូលក្នុងទឹកដីអាមេរិក កំពុងបង្កជាភាពចម្រូងចម្រាស់កាន់តែខ្លាំងនៅក្នុងសហរដ្ឋអាមេរិក ខណៈប្រទេសជាសម្ព័ន្ធមិត្តលោកខាងលិច បានរិះគន់ក៏ដូចជាថ្កោលទោសផងដែរចំពោះការសម្រេចចិត្តបែបនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០១៧។
យោងតាមបទបញ្ជាប្រធានាធិបតី ចុះហត្ថាលេខាដោយ លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រសប្តាហ៍មុន ប្រទេសចំនួន០៧ ដែលមានអ្នកកាន់សាសនាអ៊ីស្លាមភាគច្រើន ដូចជា អ៊ីរ៉ង់, អ៊ីរ៉ាក់, លីប៊ី, សូម៉ាលី, ស៊ូដង់, ស៊ីរី, និងយ៉េមែន (មានប្រជាជនសរុបជាង១៣០លាននាក់) ត្រូវបានហាមមិនឱ្យចូលសហរដ្ឋអាមេរិក រយៈពេល៩០ថ្ងៃ រីឯជនភៀសខ្លួនមកពីបណ្តាប្រទេសជាច្រើនទៀត ត្រូវបានហាមឃាត់រយៈពេល១២០ថ្ងៃ និងសម្រាប់ជនភៀសខ្លួនស៊ីរី វិញគឺត្រូវបានហាមឃាត់ដោយគ្មានពេលកំណត់។
ក៏ប៉ុន្តែជុំវិញការហាមប្រាមនេះដែរ សមាជិកសភាអង់គ្លេសបានព្រមព្រៀងគ្នាជារួម ដោយអំពាវនាវឱ្យលោក ត្រាំ លុបចោលការហាមឃាត់លើការធ្វើដំណើររបស់ប្រជាជនម៉ូស្លីម ស្របពេលប្រជាជនអង់គ្លេសច្រើនជាង ១.៥លាននាក់ បានចុះហត្ថាលេខាលើញត្តិមួយ សំដៅមិនទទួលស្វាគមន៍ប្រធានាធិបតីអាមេរិកថ្មីរូបនេះ ក្នុងការបំពេញទស្សនកិច្ចមកកាន់អង់គ្លេស ដែកត្រូវបានអញ្ជើញជាផ្លូវការដោយលោកស្រី ម៉ាយ ជានាយករដ្ឋមន្ត្រី។
ដោយឡែកក្រៅតែពីទីក្រុងឡុងដ៍ អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជេឡា ម៉ាគែល និងលោកប្រធានាធិបតីបារាំង ហ្រ្វង់ស័រ ហូឡង់ បានថ្កោលទោសយ៉ាងខ្លំាង លើការសម្រេចចិត្តរបស់លោក ត្រាំ ហើយថែមទំាងបានព្រមានទៀតផងពីផលវិបាកផ្នែកនយោបាយ និងសេដ្ឋកិច្ចដែលកើតចេញពីគំនិត «គាំពារនិយម» បែបនេះជាមួយនឹងការជម្រុញឱ្យលោកប្រធានាធិបតីអាមេរិកាំងរូបនេះ គោរពគោលការណ៍ទទួលយកជនភៀសខ្លួនឡើងវិញ។
គួរបញ្ជាក់ថានាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ រដ្ឋាភិបាលហ្វាំងឡង់ និងអ៊ីស្លង់ក៏បានបង្ហាញផងដែរ ពីគោលជំហរមិនអាចទទួលយកបានចំពោះការហាមឃាត់ របស់រដ្ឋបាលលោក ដូណាល់ ត្រាំ ខណៈដែលនៅក្នុងសហរដ្ឋអាមេរិកកំពុងស្ថិតនៅក្នុងដំណើរការរៀបចំដកដាក់មន្ត្រីថ្មីៗក្នុងជួររដ្ឋាភិបាលនៅឡើយ ស្របពេលជាមួយគ្នានូវការអនុវត្តទៅតាមពាក្យសន្យាទៅកាន់ម្ចាស់ឆ្នោត៕