(ម៉ិចស៊ីកូ)៖ ប្រទេសម៉ិចស៊ីកូ កំពុងតែស្វែងរកការពង្រឹង និងពង្រីកទំនាក់ទំនងលើគ្រប់វិស័យជាមួយប្រទេសចិន ជាពិសេសគឺការទាក់ទាញអ្នកវិនិយោគពីចិនមកកាន់ម៉ិចស៊ីកូ ឲ្យបានច្រើននាបណ្តាឆ្នាំទៅមុខទៀត ខណៈដែលប្រទេសនេះទើបតែជួបប្រទះបញ្ហាព្រំដែន ដែលកើតចេញពីការទាមទាររបស់លោក ដូណាល់ ត្រាំ ឲ្យម៉ិចស៊ីកូចេញលុយទាំងអស់ក្នុងការកសាងជញ្ជាំងព្រំដែនរួមគ្នានោះ។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០១៧។
រដ្ឋមន្ត្រីការបរទេសម៉ិចស៊ីកូ លោក Luis Videgaray បានបញ្ជាក់យ៉ាងដូច្នេះថា «យើងចង់ទាញ់ទាញអ្នកវិនិយោគបន្ថែម និងបន្តពង្រឹងទំនាក់ទំនងរបស់យើងជាមួយប្រទេសចិន លើមាគ៌ាដ៏បើកទូលាយបំផុត»។ បន្ថែមពីនេះទៀត លោក Luis ក៏បានប្រាប់ព្រឹទ្ធសភាម៉ិចស៊ីកូថា ប្រទេសនេះកំពុងតែចាប់យកជំហានថ្មីៗ ក្នុងការបង្កើនទំនាក់ទំនងជាមួយបណ្តាប្រទេសអាមេរិកឡាទីន ក៏ដូចជាប្រទេសនានានៅ អឺរ៉ុប អាស៊ី និងអាហ្វ្រិក ខណៈដែលប្រធានាធិបតីអាមេរិកថ្មីលោក ដូណាល់ ត្រាំ កំពុងតែធ្វើឲ្យពិភពលោកផ្លាស់ប្តូរ។
គួរបញ្ជាក់ថាប្រទេសម៉ិចស៊ីកូ បានបង្ហាញការរំពឹងខ្ពស់ចំពោះការបង្កើនទំនាក់ទំនងជាមួយប្រទេសចិន ដោយសារតែប្រទេសទាំងពីរគឺដៃគូយុទ្ធសាស្ត្របើកទូលាយស្រាប់ ហើយម៉ិចស៊ីកូចង់ឲ្យវិស័យពាណិជ្ជកម្មជាមួយមហាយក្សនៅអាស៊ីនោះ កាន់តែមានសន្ទុះខ្លាំងឡើង។ កាលណាប្រទេសម៉ិចស៊ីកូធ្វើការនាំចូលទំនិញច្រើនពីប្រទេសចិន នោះវិស័យនាំចេញរបស់ខ្លួនក៏នឹងកើនឡើងដូចគ្នាដែរ៕