(តូក្យូ)៖ ​គ្រប់គ្នាធ្លាប់តែលឺ​អំពីការកែច្នៃឡើងវិញ​នូវសារធាតុប្លាស្ទិច, លោហៈ, និងក្រដាស​ជាដើម ប៉ុន្តែនា​ពេលនេះ​​ក្រុម​ហ៊ុន​​ឈ្មោះ​ថា​ Jeplan របស់​​ប្រទេស​ជប៉ុន​​កំពុង​ខិត​ខំ​​ព្យា​យាម​ដើម្បីធ្វើ​ការចម្រាញ់​យកជាតិ​សរសៃកប្បាស ​ចេញ​ពី​​សម្លៀក​បំពាក់​ដែល​គេបោះបង់​ចោល ហើយ​បំលែង​វា​ទៅ​ជា​ឥន្ធនៈវិញ។ នេះបើ​តាម​ការចេញផ្សាយ​ដោយ សារព័ត៌មានថៃ​បាងកកប៉ុស្តិ៍ នៅមុននេះ​បន្តិចនារសៀល​ថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០១៧។

ការកែច្នៃ​ខាងលើ​នឹងក្លាយជារឿង​ដ៏អស្ចារ្យ​មួយ​ ដោយសារតែសម្លៀកបំពាក់​យ៉ាងច្រើនសន្ធឹក​​សន្ធា​ប់ដែល​ផលិត​ឡើង​​ជា​រៀង​រាល់​ឆ្នាំ ភាគច្រើន​ចុងក្រោយនឹងស្ថិត​នៅ​វាល​គំនរ​សំរាម​ និងនៅកន្លែង​សម្រាប់ដុត​កម្ទេចចោល។ យោងតាមក្រុមហ៊ុន Jeplan សម្លៀកបំពាក់​​​អេត​​ចាយ​​​ទម្ងន់​​មួយ​តោន អាចបង្កើត​សារធាតុ​អេតាណុល​​ប្រមាណ ៧០០លីត្រ ដែលអាច​ជួយ​សន្ចំ​សំចៃ​​ធន​ធាន​ធម្មជាតិ​​ដូចជា​ដី​និង​ទឹ​ក​​ដែល​អាច​ប្រើ​ប្រាស់​​ក្នុងការដាំដុះ​ស្បៀងអាហារ​បានយ៉ាងច្រើន។

ម៉្យាងវិញទៀត​ក្រុមហ៊ុនដដែលនេះ កំពុងសាងសង់​រោងចក្រមួយ​កន្លែងស្ថិត​នៅលើ​កោះគ្យូស៊ូ (Kyushu) ភាគខាងត្បូង​ប្រទេសជប៉ុន ដែលអាចនឹង​ចាប់ផ្តើមប្រតិបត្តិការ​នៅពាក់កណ្តាលឆ្នាំនេះ ហើយវា​មានសមត្ថភាព​​​ទទួលបន្ទុក​ ធ្វើការកែច្នៃ​សម្លៀកបំពាក់​ទម្ងន់ ២,០០០តោនបានក្នុងមួយឆ្នាំ។

គួរបញ្ជាក់ថា​ក្រុមហ៊ុនខាងលើ​បានសហការ​ជាមួយ​ សកលវិទ្យាល័យអូសាកា (Osaka) ក្នុងការ​អភិវឌ្ឍ​បច្ចេកវិទ្យាកែច្នៃ​សរសៃកប្បាស​ចេញ​ពី​សម្លៀកបំពាក់​នេះ។ ក្រុមហ៊ុន Jeplan បានចាប់ផ្តើម​ប្រតិបត្តិការ​ពាណិជ្ជកម្មរបស់​ខ្លួន​តាំងពីឆ្នាំ២០១០ រហូតមក​ ដោយធ្វើជា​អ្នក​ពិគ្រោះ​យោបល់​ពាក់ព័ន្ធ​បញ្ហា​​នៃការកែច្នៃ​ឡើងវិញ​ផ្សេងៗ​សម្រាប់​អតិថិជន​​ដូចជា​ក្រុមហ៊ុន Mitsubishi និង NTT DoCoMo ជាដើម៕