(កាណាដា)៖ ប៉ូលិសកាណាដាបានឱ្យដឹងថា ខ្មាន់កាំភ្លើងជានិស្សិតមានដើមកំណើតបារាំង សញ្ជាតិកាណាដាម្នាក់ ត្រូវបានចោទប្រកាន់ជាផ្លូវការពីបទឃាតកម្មដោយចេតនាលើមនុស្ស០៦នាក់ បន្ទាប់ពីនិស្សិតរូបនេះបានបើកការបាញ់រះទៅលើក្រុមមនុស្សច្រើនជាង៥០នាក់ ក្នុងព្រះវិហារអ្នកកាន់សាសនាអ៊ីស្លាមមួយកន្លែង នៅក្នុងទីក្រុងកេបិច ប្រទេសកាណាដា កាលពីល្ងាចថ្ងៃអាទិត្យកន្លងទៅ។ នេះបើតាមដកស្រង់ព័ត៌មានពីសារព័ត៌មាន BBC នៅរសៀលថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០១៧។
សាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែក បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ខ្មាន់កាំភ្លើងមានគ្នាបីនាក់ បានចូលទៅធ្វើការបាញ់រះនៅក្នុងព្រះវិហារអ៊ីស្លាមមួយក្នុងទីក្រុងកេបិច នៅអំឡុងពេលមនុស្សជាច្រើននាក់កំពុងថ្វាយបង្គំព្រះ។ ដោយឡែកបើតាមប៉ូលិសកាណាដា និស្សិតឈ្មោះ Alexandre Bissonnette មានអាយុ ២៧ឆ្នាំ បានបង្ហាញខ្លួននៅចំពោះមុខតុលាការនៅថ្ងៃចន្ទ ដោយរូបគេ ក៏ត្រូវបានតុលាការចោទប្រកាន់ផងដែរ ពីបទប៉ុនប៉ងសម្លាប់មនុស្ស០៥នាក់ផ្សេងទៀតដែលកំពុងស្ថិតនៅក្នុងស្ថានភាពរបួសធ្ងន់ធ្ងរនៅឯមន្ទីរពេទ្យស្រាប់ទៅហើយ។
គួរបញ្ជាក់ថាបើតាមប្រភពពីមិត្តរួមថ្នាក់ របស់ Alexandre Bissonnette និងបណ្ដាញទំនាក់ទំនងសង្គមមួយចំនួន Alexandre គឺជាមនុស្សម្នាក់ដែលជឿងប់ងល់ លើបេក្ខភាពប្រធានាធិបតីបារំាងស្ដាំនិយម លោកស្រី ម៉ារីន ឡឺប៉ែន ព្រមទាំងចូលចិត្តប្រធានាធិបតីអាមេរិកបច្ចុប្បន្ន លោក ដូណាល់ ត្រាំ ជាដើម៕