(អង់ការ៉ា)៖ ប្រទេសតួកគីបានសម្រេចបើកស្ថានទូតរបស់ខ្លួនឡើងវិញ នៅក្នុងរដ្ឋធានីទ្រីប៉ូលី (Tripoli) នៃប្រទេសលីប៊ី បន្ទាប់ពីបានបិទទ្វារអស់រយៈពេលជាងពីរឆ្នាំកន្លងមក ដោយសារតែបញ្ហាអសន្តិសុខនៅក្នុងប្រទេសអាហ្វ្រិកខាងជើងមួយនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសតួកគី ដែលដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០១៧។
យោងតាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ក្រសួងខាងលើ សកម្មភាពនានានៃស្ថានទូតតួកគីប្រចាំប្រទេសលីប៊ី នៅទីក្រុងទ្រីប៉ូលី បានចាប់ផ្តើមដំណើរការសាជាថ្មីហើយ ជាមួយនិងបុគ្គលិកមានចំនួនតិចតួចនៅក្នុងដំណាក់កាលដំបូង ហើយប្រការនេះនឹងអនុញ្ញាតឲ្យប្រទេសតួកគីធ្វើការចូលរួមចំណែកបានធំជាងមុន ក្នុងការកសាងសន្តិភាព និងស្ថិរភាពក៏ដូចជាការស្ថាបនាឡើងវិញនៅលីប៊ី។
គួរបញ្ជាក់ថាតួកគីបានបិទស្ថានទូតរបស់ខ្លួន ដែលស្ថិតនៅក្នុងរដ្ឋធានីទី្រប៉ូលី និងស្ថានកុងស៊ុលនៅទីក្រុងបេងហ្គាស៊ី (Benghazi) ដោយសារតែហេតុផលសន្តិសុខកាលពីឆ្នាំ២០១៤ ខណៈពេលស្ថានកុងស៊ុលរបស់ខ្លួនមួយកន្លែងទៀត នៅក្រុងមីស្រាតា (Misrata) ដែលស្ថិតនៅភាគពាយ័ព្យប្រទេសលីប៊ី នៅតែបន្តបើកដំណើរការជាធម្មតា៕